សៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី «ទិវារត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងអង្គរវត្ត លើកទី២៩» នៅមុខប្រាសាទអង្គរវត្ត ។
ក្នុងឱកាសនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាក្ដីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី ២៩ រៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។ សម្ដេចធិបតី៖ ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។ ខ្ញុំសូមអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេសដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ៕