មេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te បានចាប់ផ្តើមដំណើរទស្សនកិច្ចឈប់សំចតនៅសហរដ្ឋអាមេរិករយៈពេល ២ថ្ងៃរបស់លោកនៅកោះហាវ៉ៃ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ប៉ាស៊ីហ្វិក ក្រោយប្រកាសថាកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោក គឺជាកម្លាំងដ៏សំខាន់មួយសម្រាប់លើកកម្ពស់សន្តិភាព និងស្ថិរភាពសកលលោក ។
ចិនដែលបានចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន និងជំទាស់អន្តរកម្មណាមួយ ឬដំណើរទស្សនកិច្ចណាមួយដោយក្រុមមេដឹកនាំកោះតៃវ៉ាន់នោះ បានបង្កើនសំពាធផ្នែកយោធាលើកោះតៃវ៉ាន់ រួមទាំងសមយុទ្ធហ្គេមសង្រ្គាមចំនួន ២ជុំនៅក្នុងឆ្នាំនេះ ។
ចិនចាត់ទុកលោក Lai ថាជាជនផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយកាលពីថ្ងៃសុក្រ ពួកគេបានជំរុញឲ្យទីក្រុងវ៉ាស៊ីងតោន ត្រូវតែប្រុងប្រយ័ត្នបំផុតចំពោះទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ។
ប្រភពសន្តិសុខ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទីក្រុងប៉េកាំងអាចនឹងធ្វើសមយុទ្ធយោធាបន្ថែមទៀត គាប់ជួននឹងដំណើរទស្សនកិច្ចក្នុងតំបន់ប៉ាស៊ីហ្វិករបស់លោក Lai ដែលនឹងរួមបញ្ចូលផងដែរការឈប់សំចតនៅកោះ Guam គឺជាដែនដីរបស់សហរដ្ឋអាមេរិក ។ វាគឺជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់លោក Lai ចាប់តាំងពីឡើងកាន់តំណែងកាលពីខែឧសភា ។
លោកបានឈប់សំចតនៅកោះហាវ៉ៃ សម្រាប់រយៈពេល ២យប់ដំបូង មុនពេលធ្វើដំណើរទៅកាន់ប្រទេសកោះម៉ាស់សល ទូវ៉ាលូ និងប៉ាឡូ គឺជាប្រទេស ៣ក្នុងចំណោមប្រទេសចំនួន ១២ ដែលរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ និងជាផ្នែកមួយនៃពិភពលោក ជាទីដែលចិនកំពុងដាក់ឥទ្ធិពលខ្លាំងជាងគេ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន មុនពេលការចាកចេញរបស់លោក លោក Lai និយាយថា អរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការរក្សាគោលការណ៍សុវត្ថិភាព សេចក្តីថ្លៃថ្នូរ ការជួយសម្រាល និងភាពងាយស្រួលជួយដល់ដំណើរការរលូននៃដំណើរទស្សនកិច្ចមួយនេះ ៕