ភ្នំពេញ ៖ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងការរស់នៅ ជាមួយនឹងមេរោគកូវីដ១៩ តាមគន្លងបែបថ្មីនៅចុងឆ្នាំ២០២១ ខាងមុខនេះ ខណៈកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួន បានជាង៨៥ភាគរយហើយ ក្នុងចំនួនប្រជាជនសរុប១៦ លាននាក់នោះ។
នេះបើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈយើងរីកចម្រើនទៅមុខ » នៅព្រឹកថ្ងៃទី២៦តុលានេះ ដែលព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ផ្ទះ ហើយមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានទាំងអស់ លើកលែងតែប្រទេសសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នៅក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះគួបផ្សំ និងវិធានការផ្សេងទៀត។
គិតត្រឹម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូលនឹងអត្រា៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងអង្គប្រជុំអាស៊ានទៀតថា «ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ យុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ»។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដូចគ្នាទៅនឹង បណ្តាមេដឹកនាំអាស៊ានដទៃទៀតផងដែរ ដោយសម្តេចបានគូសបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និងទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា ជាទិសដៅទៅមុខការងារសំខាន់បន្ត និងបន្ទាប់គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញតាមរយៈការធានាប្រក្រតីភាព នៃលំហូពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះផងដែរ៕
អត្ថបទ ៖ បាន ចក់
