ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហាររដ្ឋភាគខាងត្បូង Tamil Nadu ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ មុនការមកដល់របស់ព្យុះស៊ីក្លូន Fengal ដែលគេរំពឹងថា វានឹងបោកបក់ដល់ដីគោកនៅតំបន់ភាគខាងជើងរដ្ឋនៅល្ងាចនេះ ។
ក្រុមមន្រ្តីឧតុនិយម និយាយថា គេរំពឹងថា ព្យុះ Fengal នឹងនាំមកជាមួយល្បឿនខ្យល់បក់ប្រហែល ៧០-៨០គ.មក្នុង ១ម៉ោង ។
អ្នកស្រុកនៅតាមតំបន់វាលទំនាប ត្រូវបានផ្លាស់ទៅកាន់ជម្រកបណ្តោះអាសន្ននៅក្នុងទីក្រុងជាច្រើន ដូចជាទីក្រុង Chengalpattu ដែលស្ថិតនៅជិតរដ្ឋធានី Chennai របស់រដ្ឋ Tamil Nadu ជាទីដែលភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវថ្នល់ជាច្រើន ។
ក្រុមមន្រ្តីឧតុនិយម និយាយថា ភ្លៀងធ្លាក់ខ្លាំងបំផុត ត្រូវបានគេព្យាករណ៍ថានឹងកើតមាននៅរដ្ឋ Tamil Nadu ក៏ដូចជាតំបន់ឆ្នេរភាគខាងត្បូងរដ្ឋជិតខាង Andhra Pradesh ។
លោក Mrityunjay Mohapatra គឺជាអគ្គនាយកក្រសួងឧតុនិយមឥណ្ឌា និយាយថា ព្យុះស៊ីក្លូន Fengal ស្ថិតនៅកណ្តាលឆកសមុទ្រភាគនិរតីបឹងហ្គាល់ ។ ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ១២០គ.មពីទីក្រុង Puducherry និងមានចម្ងាយ ១១០គ.មពីទីក្រុង Chennai ក្នុងទិសដៅទៅភាគអាគ្នេយ៍ ។ វាកំពុងធ្វើដំណើរយឺតៗ ឆ្ពោះទៅកាន់ទិសខាងលិច ហើយត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីគោកនៅតំបន់ឆ្នេរភាគខាងជើងរដ្ឋ Tamil Nadu នៅល្ងាចថ្ងៃនេះ ៕


