រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកូសូវ៉ូលោក Xhelal Svecla និយាយកាលពីថ្ងៃសៅរ៍ថា នគរបាល បានចាប់ខ្លួនមនុស្ស ៨នាក់ ក្រោយការផ្ទុះព្រែកជីកដែលបញ្ជូនទឹកដល់រោងចក្រថាមពលសំខាន់ចំនួន ២កន្លែងរបស់ពួកគេ គឺជាឧបទ្ទេវហេតុមួយដែលរដ្ឋធានី Pristina ចាត់ទុកថាជាទង្វើភេរវកម្មបង្កឡើងដោយប្រទេសជិតខាងស៊ែរប៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានច្រានចោលអ្វីដែលលោកនិយាយថា គឺជាការចោទប្រកាន់គ្មានមូលដ្ឋានលើការជាប់ពាក់ព័ន្ធរបស់ទីក្រុង Belgrade នៅក្នុងឧបទ្ទេវហេតុមួយនេះ ដែលបានកើតកាលពីវេលាម៉ោង ៧ល្ងាចម៉ោងក្នុងស្រុកថ្ងៃសុក្រ ។
មេបញ្ជាការនគរបាលកូសូវ៉ូលោក Gazmend Hoxha បាននិយាយថា អ្នកដែលត្រូវចាប់ខ្លួនសង្ស័យពីការញុះញង់ រៀបចំ និងសូម្បីតែប្រតិបត្តិអំពើភេរវកម្មកាលពីពេលថ្មីៗនេះ ហើយជាពិសេសនៅព្រែកជីក Iber Lepenc ។
លោក Hoxha និយាយថា ការស៊ើបអង្កេតដំបូងបង្ហាញថា គ្រឿងផ្ទុះចន្លោះពី ១៥-២០ គ.ក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ។
ក្រុមនគរបាល បានវាយឆ្មក់ទីតាំង ១០កន្លែង រឹបអូសបានឯកសណ្ឋានយោធាជាង ២០០កំផ្លេ រ៉ុក្កែតបាញ់លើស្មា ៦គ្រាប់ កាំភ្លើងវែង កាំភ្លើងខ្លី និងគ្រាប់រំសេវជាច្រើនទៀត ៕


