កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកបានពិភាក្សាបញ្ហាព្រំដែន ពាណិជ្ជកម្ម និងថាមពល នៅក្នុងជំនួបផ្លែផ្កាខ្លាំងជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ស្របពេលមានការព្រួយបារម្ភពីសង្រ្គាមពាណិជ្ជកម្ម ។
ពេលចាកចេញ លោក Trudeau បាននិយាយថា កិច្ចសន្ទនារបស់លោកជាមួយលោក Trump ល្អប្រសើរខ្លាំងណាស់ ។
លោក Trudeau បានបំពេញទស្សនកិច្ចមិនបានប្រកាសទៅកាន់រដ្ឋ Florida កាលពីល្ងាចថ្ងៃសុក្រ ហើយនិងបានស្រស់ស្រូបអាហារពេលល្ងាចជាមួយលោក Trump នៅគេហដ្ឋាន Mar-a-Lago របស់លោក រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Trumpមកពីគណបក្សសាធារណរដ្ឋ សន្យាដំឡើងពន្ធ ២៥ភាគរយលើការនាំចូលរបស់កាណាណា និងម៉ិកស៊ិក ក្រោយរូបលោកស្បថឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែមករា ខាងមុខ ។
ការសន្យាបែបនេះ ធ្វើឲ្យមានការព្រួយបារម្ភពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសដៃគូពាណិជ្ជកម្មធំបំផុតទាំង ២ ។
ដោយឡែក ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានធ្វើការព្រមាននៅក្នុងសប្តាហ៍នេះថា ផែនការដំឡើងពន្ធរបស់លោក Trump នឹងធ្វើមានផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នាសម្រាប់ប្រទេសទាំង ២ ហើយលោកស្រីបានលើកឡើងពីការសងសឹកផងដែរ ៕


