មន្ត្រីនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយថា កងទ័ពជើងទឹកមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារទៅលើនាវានេសាទថៃមួយក្រុមកាលពីថ្ងៃសៅរ៍ (៣០ វិច្ឆិកា) បណ្តាលឱ្យអ្នកនេសាទម្នាក់លង់ទឹក ហើយបានឃុំខ្លួនមនុស្សចំនួន ៣១នាក់ពីទូកមួយគ្រឿងក្នុងចំណោមនោះ។
អ្នកនាំពាក្យ លោក ថាណាធីប សាវ៉ាងសាង (Thanatip Sawangsang) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេសាទថៃ ចំនួនពីរក្នុងចំណោម ១៥គ្រឿង បានរងការបាញ់ប្រហារ បន្ទាប់ពីពួកគេប្រតិបត្តិការក្នុងចម្ងាយ ៤ ទៅ ៥,៧ ម៉ាយល៍ណត ក្នុងសមុទ្រ (៧,៤ ទៅ ១០,៦គីឡូម៉ែត្រ) នៅក្នុងដែនទឹករបស់សហភាពមីយ៉ាន់ម៉ា។
លោក Thanatip និយាយថា អ្នកនេសាទ ៣នាក់បានលោតចូលក្នុងទឹកអំឡុងពេលកើតហេតុនោះ ដោយម្នាក់បានលង់ទឹកស្លាប់ ខណៈពីរនាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកថៃ។ លោក Thanatip បន្តថា ទូកមួយក្នុងចំណោមទូកដែលមានអ្នកនេសាទ ៣១នាក់នៅលើនោះត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ា ក្នុងអំឡុងពេលប៉ះទង្គិច ហើយកងទ័ពជើងទឹកថៃ កំពុងស្ថិតក្នុងការចរចារដើម្បីធានាការដោះលែងពួកគេ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេត បាឡានគូរ៉ា (Nikorndej Balankura) និយាយថា ក្រសួងក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីស្វះស្វែងរកការដោះលែងអ្នកនេសាទទាំងនោះ និងវាយតម្លៃថា តើមានការបំពានច្បាប់អន្តរជាតិណាមួយបានកើតឡើងដែរឬទេ។
មន្ទីរជលផលក្នុងខេត្ត រ៉ាណង (Ranong) ភាគខាងត្បូងប្រទេសថៃ ដែលមានព្រំប្រទល់ដែនសមុទ្រជាមួយមីយ៉ាន់ម៉ា ជំរុញឱ្យនាវានេសាទថៃ ប្រុងប្រយ័ត្នពេលធ្វើដំណើរជិតព្រំដែនរវាងភាគីទាំងពីរ៕


