បាល់ទាត់៖ អ្នកចាត់ការសញ្ជាតិបារាំង Zinedine Zidane និងអ្នកចាត់ការសញ្ជាតិអ៊ីតាលី Antonio Conte បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Ole Gunnar Solskjaer ដែលកំពុងមានសំពាធខ្លាំងនៅក្រុមបិសាចក្រហម Manchester United។ បើតាមសារព័ត៌មាន Marca របស់អេស្ប៉ាញបានចុះផ្សាយថា Zidane មានការចាប់អារម្មណ៍ពីក្លិបជាច្រើននៅអឺរ៉ុបដែលក្នុងនោះមាន Manchester United ផងដែរ។

យ៉ាងណាក្តីអតីតអ្នកចាត់ការ Real Madrid រូបនេះត្រូវបានគេដឹងថា មិនទាន់ប្រញ៉ាប់គិតគូរពីការវិលត្រលប់មកអាជីពជាអ្នកចាត់ការនៅឡើយ។ Zidane មានអាជីពដ៏ជោគជ័យជាមួយ Real Madrid ដោយលោកបានដឹកនាំក្រុមឈ្នះជើងឯក UEFA Champions League ៣រដូវកាលជាប់គ្នា និងពាន La Liga រួមជាមួយពានផ្សេងទៀតសរុប ១១ពាន។ ងាកមកលោក Antonio Conte អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះទើបបានដឹកនាំ Inter Milan ឈ្នះពានអ៊ីតាលី Serie A រដូវកាលមុនរួចក៏បានលាលែងពីតំណែង។
លោកក៏ធ្លាប់ដឹកនាំនៅអង់គ្លេសដែរដោយដឹកនាំតោខៀវ Chelsea ឈ្នះពាន English Premier League នៅឆ្នាំ២០១៦។ យ៉ាងណាក្តីយើងមិនទាន់ដឹងច្បាស់លាស់ពីអនាគតរបស់លោក Ole Gunnar Solskjaer នៅឡើយតែចុងក្រោយបំផុតអ្នកចាត់ការសញ្ជាតិណ័រវេយរូបនេះបានរងការរិះគន់ធ្ងន់ធ្ងរក្រោយ Manchester United ចាញ់ Liverpool ក្នុងទឹកដីខ្លួនធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ៥-០៕
អត្ថបទ៖នាង សុភាវុធ