ក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់ដ៏ធំដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ដែលនៅជិតខាង បានសម្លាប់មនុស្សសរុបយ៉ាងហោចណាស់ ១២នាក់។ មនុស្សជាង ១២២.០០០ នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងជើងម៉ាឡេស៊ី ខណៈនៅភាគខាងត្បូងថៃ មនុស្សប្រហែល ១៣.០០០ នាក់ផ្សេងទៀតក៏ត្រូវបានជម្លៀសផងដែរ។
មានការភ័យខ្លាចថាចំនួនអ្នកស្លាប់ និងជម្លៀសអាចកើនឡើង ដោយសារភ្លៀងធ្លាក់ខ្លាំង និងការព្រមានអំពីព្យុះនៅតែបន្ត។ ក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីជួយអ្នកស្រុកដែលជាប់ខ្លួនក្នុងទឹកជំនន់ ហើយជម្រកបណ្ដោះអាសន្នត្រូវបានបង្កើតឡើងសម្រាប់អ្នកស្រុកដែលរងផលប៉ះពាល់។
ទឹកជំនន់ដែលបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ បានធ្វើឱ្យអ្នកស្រុករាប់ម៉ឺននាក់ត្រូវជម្លៀសចេញនៅក្នុងប្រទេសទាំងពីរ។ ក្រុមមន្ត្រីគ្រោះមហន្តរាយនិយាយថា ទឹកជំនន់បានប៉ះពាល់មនុស្សជិត ៥៣៤.០០០គ្រួសារ នៅភាគខាងត្បូងប្រទេសថៃ ហើយមន្ទីរពេទ្យចំនួន២ ត្រូវបិទដើម្បីការពារមិនឱ្យទឹកជំនន់បំផ្លាញសម្ភារៈបរិក្ខារពេទ្យ ខណៈខេត្តចំនួន៦ បានប្រកាសគ្រោះមហន្តរាយដោយសារទឹកជំនន់។
នៅម៉ាឡេស៊ី ទឹកជំនន់ភាគច្រើនផ្តោតទៅលើរដ្ឋ កេឡាន់តាន់ (Kelantan) ភាគឦសាន ដែលជាប់ព្រំដែនថៃ ហើយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី និយាយថា អ្នកជម្លៀសនៅរដ្ឋនេះមាន ៦៣% នៃចំនួនប្រជាជនសរុប។ ប្រទេសជិតខាងទាំងពីរជួបប្រទះនឹងភ្លៀងមូសុងដ៏ខ្លាំងក្លានៅជុំវិញអំឡុងពេលនេះរៀងរាល់ឆ្នាំ ហើយទឹកជំនន់មិនមែនជារឿងចម្លែកនោះទេ៕


