ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបុគ្គល ២រូប ៖ ១- ឈ្មោះ វ៉ា សារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី២ ពីបទគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទមិនប្តឹងបរិហារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណៈ តាមមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ។
២-ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រាប់ឲ្យ BTV ដឹងថា លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ និងទី២. ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយបែកធ្លាយសារសំឡេងចរចាគ្នាពាក់ព័ន្ធលុយកាក់ក្នុងករណីជួញដូរគ្រឿង ហើយត្រូវបានបណ្តាសារព័ត៌មាន ក៏ដូចជា តាមបណ្តាសង្គមហ្វេសប៊ុកចែកចាយបន្តគ្នា ៕តារាវុទ្ធី