ការធ្លាក់ព្រិលដ៏ធំលើកដំបូងនៃរដូវកាលនេះ បានបន្តគ្របដណ្ដប់ផ្នែកខ្លះនៃរដ្ឋ ញូវយ៉ក (New York) ផិនស៊ីលវេនៀ (Pennsylvania) និង មីឈីហ្គែន (Michigan) ក្នុងអំឡុងពេលដំណើរកម្សាន្ត និងការដើរទិញឥវ៉ាន់ដ៏មមាញឹកបំផុតក្នុងសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ដោយមានការព្យាករថា អាកាសធាតុត្រជាក់ និងព្រិលធ្លាក់ខ្លាំង នឹងបន្តរហូតដល់ដើមសប្តាហ៍ និងបង្កគ្រោះថ្នាក់នៅតំបន់ Great Lakes ដ៏ធំល្វឹងល្វើយ តំបន់វាលទំនាប និងនៅភាគខាងលិច។
ព្យុះព្រិលបាននាំឱ្យមានការប្រកាសអាសន្ននៅក្នុងផ្នែកខ្លះនៃរដ្ឋ New York និងការប្រកាសអាសន្នគ្រោះមហន្តរាយនៅរដ្ឋ Pennsylvania ដោយក្រុមមន្ត្រីបានព្រមានពីស្ថានភាពគ្រោះថ្នាក់សម្រាប់អ្នកធ្វើដំណើរក្នុងពិធីបុណ្យដឹងគុណ Thanksgiving ដ៏ធំ។
សេវាអាកាសធាតុបាននិយាយថា ខ្យល់ដ៏ត្រជាក់នៅតំបន់អាក់ទិកបាននាំមកនូវសីតុណ្ហភាពពី ១០ ទៅ ២០អង្សាហ្វារិនហៃ (-១២អង្សាសេ ទៅ -៦អង្សាសេ) ទាបជាងមធ្យមទៅតំបន់ទំនាបភាគខាងជើង ដែលជំរុញឱ្យមានការព្រមានពីភាពត្រជាក់ខ្លាំងសម្រាប់ផ្នែកខ្លះនៃរដ្ឋ ណស ដេកូតា (North Dakota)។ ខ្យល់ត្រជាក់ក៏ត្រូវបានគេរំពឹងថានឹងផ្លាស់ទីពីលើភាគខាងកើតនៃសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (០២ ធ្នូ) ជាមួយនឹងសីតុណ្ហភាពប្រហែល -១២អង្សាសេ ក្រោមមធ្យមភាគ។
ព្រិលកម្ពស់ជិត ៦១ សង់ទីម៉ែត្រ បានធ្លាក់នៅតំបន់ខ្លះនៃរដ្ឋ New York រដ្ឋ Ohio និង Michigan ហើយព្រិលកម្រាស់ ៧៣សង់ទីម៉ែត្រ ត្រូវបានកត់ត្រានៅតំបន់ភាគពាយ័ព្យនៃរដ្ឋ Pennsylvania ។ នៅក្នុងបច្ចុប្បន្នភាពនៅរសៀលថ្ងៃសៅរ៍ (៣០ វិច្ឆិកា) សេវាអាកាសធាតុបាននិយាយថា កម្រិតព្រិលធ្លាក់ខ្លាំងបំផុតត្រូវបានគេរំពឹងទុកនៅ "តំបន់បឹង Erie និង Ontario ដែលប៉ះពាល់ដល់តំបន់នានា រាប់ចាប់ពីចុងឦសាននៃរដ្ឋ Ohio ចុងពាយព្យនៃរដ្ឋ Pennsylvania ភាគខាងលិចរដ្ឋ New York និងផ្នែកខ្លះនៃភាគពាយព្យរដ្ឋ New York"៕



