ការរត់ចោលជួរកំពុងបំផ្លាញដល់កម្លាំងរបស់កងទ័ពអ៊ុយក្រែន ដែលកំពុងត្រូវការទាហានយ៉ាងខ្លាំង និងបានប៉ះពាល់ដល់ផែនការប្រយុទ្ធរបស់ខ្លួនក្នុងពេលវេលាដ៏សំខាន់នៃសង្គ្រាមជាមួយរុស្ស៊ី ដែលអាចធ្វើឱ្យទីក្រុងគីវ ធ្លាក់ក្នុងគុណវិបត្តិយ៉ាងច្បាស់នៅក្នុងកិច្ចចរចាបទឈប់បាញ់នាពេលអនាគត។
ដោយប្រឈមមុខនឹងកង្វះខាតគ្រប់បែបយ៉ាង ទាហានអ៊ុយក្រែនរាប់ម៉ឺននាក់ ដែលអស់កម្លាំង និងធុញទ្រាន់នឹងការប្រយុទ្ធ បានដើរចេញពីសមរភូមិជួរមុខដើម្បីរកឱកាសរត់គេចខ្លួន នេះបើយោងតាមទាហាន មេធាវី និងមន្ត្រីអ៊ុយក្រែន។ អង្គភាពទាំងមូលបានបោះបង់ទីតាំងឈរជើងរបស់ខ្លួន ដោយទុកឱ្យខ្សែការពារងាយរងគ្រោះ និងពន្លឿនការបាត់បង់ទឹកដី នេះបើតាមមេបញ្ជាការយោធា និងទាហាន។
អ្នកខ្លះបានសុំច្បាប់ឈប់សម្រាកព្យាបាលជំងឺហើយមិនត្រឡប់មកវិញទេ ដោយសាររបួសផ្លូវចិត្តនៃសង្គ្រាម និងបាត់បង់ក្តីសង្ឃឹមសម្រាប់ការទទួលជ័យជម្នះ។ អ្នកខ្លះទៀតប៉ះទង្គិចជាមួយមេបញ្ជាការ ហើយមិនព្រមអនុវត្តបញ្ជា ជួនកាលឈ្លោះគ្នានៅកណ្តាលសមរភូមិ។
ទោះបីជាទីក្រុងមូស្គូ ក៏បានជួបប្រទះនឹងការរត់ចោលជួរបែបនេះក៏ដោយ ប៉ុន្តែការបែកបាក់ក្នុងជួរទ័ពអ៊ុយក្រែន បានបង្កើតជាបញ្ហាឫសគល់យ៉ាងជ្រៅដែលនាំឱ្យខូចដល់យោធារបស់ពួកគេ និងមធ្យោបាយដែលទីក្រុងគីវ កំពុងគ្រប់គ្រងសង្រ្គាម រាប់ចាប់ពីការចល័តដែលមានកំហុសឆ្គងរហូតដល់ការរត់ចេញពីជួរមុខបែបនេះ។
ការរត់គេចពីការប្រយុទ្ធនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក ជំរុញឱ្យអ៊ុយក្រែន កេណ្ឌកងទ័ពបន្ថែមទៀត និងអនុញ្ញាតឱ្យចល័តទាហាន ដែលមានអាយុក្រោម ១៨ឆ្នាំ៕


