ព្យុះស៊ីក្លូន ហ្វិនហ្គាល់ (Fengal) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា ហើយបានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងរដ្ឋ តាមីល ណាឌូ (Tamil Nadu) និងតំបន់ ភូឌូឈឺរី (Puducherry) បន្ទាប់ពីបានឆ្លងកាត់ឆ្នេរភាគខាងត្បូងនៃប្រទេសឥណ្ឌា ពីឈូងសមុទ្រ បឹងហ្គាល់ (Bengal) កាលពីថ្ងៃសៅរ៍។

ការិយាល័យអាកាសធាតុឥណ្ឌា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃអាទិត្យ (០១ ធ្នូ) នេះថា តំបន់ Puducherry រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងពេល ២៤ម៉ោង នៃរយៈពេល ៣០ឆ្នាំមកនេះ។ ព្យុះស៊ីក្លូនបានធ្វើឱ្យផ្នែកខ្លះនៃទីក្រុង ឆិនណៃ (Chennai) ភាគខាងត្បូងរបស់ឥណ្ឌា ត្រូវលិចលង់ ខណៈអាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា ជើងហោះហើរពីទីក្រុងនេះត្រូវបានផ្អាកជាបណ្ដោះអាសន្នកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានដំណើរការឡើងវិញនៅព្រឹកថ្ងៃអាទិត្យ។
រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ជាមួយនឹងផ្លូវថ្នល់លិចទឹក ហើយក្រុមសង្រ្គោះបានប្រើទូកដើម្បីជួយមនុស្ស។ កងទ័ពឥណ្ឌា កំពុងប្រតិបត្តិការសង្គ្រោះនៅតំបន់ Puducherry សម្រាប់ប្រជាជនដែលស្ថិតនៅក្នុងភ្នែកនៃព្យុះ ខណៈភ្លៀងបានធូរស្រាលខ្លះក្នុងទីក្រុង Chennai។
នៅស្រីលង្កា មនុស្ស ១៦នាក់បានស្លាប់ ដោយភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់មនុស្សសរុបចំនួន ១៣៨.៩៤៤គ្រួសារ ដែលជាទិន្នន័យចុងក្រោយបំផុតពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយនៅរដ្ឋធានីកូឡុំបូ៕

