មីយ៉ានម៉ា៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហានៅសហភាពមីយ៉ាន់ម៉ាដែលជិតផុតអាណត្តិបាននិយាយកាលពីថ្ងៃចន្ទ ទី២៥ ខែតុលាថា ការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាជារដ្ឋាភិបាលរបស់ប្រទេសនេះ នឹងមិនបញ្ឈប់អំពើហិង្សាដែលកំពុងកើនឡើងនោះបានទេ ដោយព្រមានថា វិធានការបែបនេះនឹងជំរុញដោលប្រទេសនេះឆ្ពោះទៅរកអស្ថិរភាព និងក្លាយជារដ្ឋបរាជ័យ។

លោកស្រី Christine Schraner Burgener ដែលនឹងបញ្ចប់តួនាទីរបស់លោកស្រីនៅចុងសប្តាហ៍នេះ បន្ទាប់ពីកាន់តួនាទីជាង ៣ឆ្នាំបានប្រាប់សារព័ត៌មាន Reuters ថា ខ្ញុំសង្ឃឹមថាសហគមន៍អន្តរជាតិនឹងមិនបោះបង់"។ «យើងគួរតែឈរជាមួយប្រជាជន»។ បាតុកម្ម និងភាពចលាចលបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សហភាពមីយ៉ាន់ម៉ាតាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដោយបានចោទប្រកាន់យោធាពីបទប្រើប្រាស់អំពើឃោរឃៅ និងកម្លាំងហួសហេតុទៅលើនឹងជនស៊ីវិល ទោះបីជារបបយោធាបានបន្ទោសភាពចលាចលលើ "ក្រុមភេរវករ" ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលស្រមោលក៏ដោយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានតែងតាំងលោកស្រី Noeleen Heyzer ជនជាតិសិង្ហបុរី ដែលជាអតីតអ្នកការទូតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ជាបេសកជនពិសេសថ្មីរបស់លោកទទួលបន្ទុកកិច្ចការនៅសហភាពមីយ៉ាន់ម៉ា៕
អត្ថបទ៖ សុខមាន