ភ្នំពេញ : គម្រប់ខួប១២ឆ្នាំ ឈានចូល១៣ឆ្នាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមលើកកម្ពស់សុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងរាជធានី ខេត្ត បានចំនួន ២០៩០លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៨៧.៥១១ នាក់ មកទទួលសេវាពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តដោយឥតគិតថ្លៃ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បានចុះអប់រំផ្សព្វផ្សាយ វគ្គសង្គ្រោះបឋម ព្រមទាំងពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ សម្រាប់ការចូលរួមអបអរសាទរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី គម្រប់ខួប១២ឆ្នាំ ឈានចូល១៣ឆ្នាំ ដើម្បីសុខមាលភាព និងស្នាមញញឹម (២ ធ្នូ ២០១២ - ២ ធ្នូ ២០២៤) និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនដែលនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ក៏ដូចជាការចូលរួមអបអរសាទរខួបលើកទី៤៦ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ ទទួលបន្ទុក ៤ឃុំ នាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លា របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥៦នាក់ ស្រី២៥នាក់ មានការចូលរួមពីឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាសមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយសាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ២៨សាខារាជធានី-ខេត្ត និងសាកលវិទ្យាល័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ, លោកជំទាវ ហង់ លីណា លោកជំទាវ ជំ ស៊ីណា ឯកឧត្តម សេក សម្ភាស ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដោយមានការសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជា សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ ក្រុមការងារចុះមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងអាជ្ញាធរដែលពាក់ព័ន្ធ។ បានចុះអប់រំផ្សព្វផ្សាយ វគ្គសង្គ្រោះបឋម ព្រមទាំងពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចំនួន១១២៥នាក់ ស្រី៦៩៥នាក់ ។
ឯកឧត្តម លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។
ឯកឧត្តម លេង ផាលី បានសង្កត់ធ្ងន់ថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ជាពិសេសការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១ ធ្នូ ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់នាក់) ក្នុងនោះស្ត្រីមានចំនួន១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម ក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ២០៩០លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៨៧.៥១១ នាក់ (ដប់បីលាន ម្ភៃប្រាំបីម៉ឺន ប្រាំពីរពាន់ ប្រាំរយ ដប់មួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨១១.៧២០នាក់ (ប្រាំមួយលាន ប៉ែតសិបមួយម៉ឺន មួយពាន់ ប្រាំពីររយ ម្ភៃនាក់) គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៤.៣៧៥.៥៥០ដុល្លារ (ប្រាំមួយរយហុកសិបបួនលាន សាមសិបប្រាំពីរម៉ឺន ប្រាំពាន់ ប្រាំរយ ហាសិបដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស) ក្នុង២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕
អត្ថបទ រដ្ឋា





























































