លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ធ្នូ ថា ប្រទេសរបស់លោកត្រូវការការធានាសន្តិសុខពីអង្គការណាតូ និងសព្វាវុធជាច្រើនទៀតដើម្បីការពារខ្លួន មុនពេលមានកិច្ចចរចាណាមួយជាមួយរុស្ស៊ី។

លោកបានរអត្ថាធិប្បាយបែបនេះ បន្ទាប់ពីមានជំនួបជាមួយប្រធានផ្នែកការទូតថ្មីរបស់សហភាពអឺរ៉ុបលោក Kaja Kallas និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Antonio Costa ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Kyiv ជាការបង្ហាញការគាំទ្រនៅថ្ងៃកាន់តំណែងដំបូងរបស់ខ្លួន។

លោក Zelenskyy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក Costa ថាការអញ្ជើញ អ៊ុយក្រែនឱ្យចូលរួមជាមួយអង្គការណាតូគឺជារឿងចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់យើង ។
អ៊ុយក្រែនប្រឈមរដូវរងាដ៏ធ្ងន់ធ្ងរនៅពេលខាងមុខ ដោយរុស្ស៊ីបានបង្កើនការបំផ្លិចបំផ្លាញលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ហើយកងកម្លាំងដែលកំពុងនឿយហត់របស់ទីក្រុង Kyiv បាត់បង់ទឹកដីនៅសមរភូមិជួរមុខ។

សំណួរជាច្រើនក៏កំពុងគ្របដណ្ដប់ជុំវិញអនាគតនៃការគាំទ្ររបស់សហរដ្ឋអាមេរិក នៅពេលលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករាខាងមុខ ផងដែរ ខណៈមានក្ដីបារម្ភថាលោកអាចបង្ខំទីក្រុង Kyiv ឱ្យធ្វើសម្បទានដ៏ឈឺចាប់ក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័ស។
លោក Zelenskyy បាននិយាយថា ប្រទេសរបស់លោកចាំបាច់ត្រូវស្ថិតក្នុងជំហររឹងមាំមុនពេលកិច្ចចរចាណាមួយជាមួយវិមានក្រឹមឡាំង ដោយអំពាវនាវឱ្យបោះជំហានទៅមុខជាមួយណាតូ និងផ្ដល់អាវុធទំនើបៗ រយៈចម្ងាយឆ្ងាយដើម្បីការពារខ្លួន៕