ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសជិតខាងម៉ាឡេស៊ី និងថៃ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់ស្លាប់ និងបង្កផលប៉ះពាល់ដល់មនុស្សជិត ១លាននាក់។

មន្ទីរបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ថៃ កាលពីថ្ងៃអាទិត្យ (០១ ធ្នូ) បាននិយាយថា មនុស្សយ៉ាងតិច ១២នាក់បានស្លាប់ និងមនុស្សប្រហែល ៦៤០.៥៨០គ្រួសារ ក្នុង ១០ខេត្ត បានរងផលប៉ះពាល់ដោយទឹកជំនន់ដ៏អាក្រក់បំផុតនៅភាគខាងត្បូងរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍។

រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ “រៀងរាល់ម៉ោង” ហើយបានអនុម័តថវិកាសង្គ្រោះបន្ទាន់ចំនួន ៧០លានបាត ដើម្បីសម្រាលផលប៉ះពាល់នៃទឹកជំនន់។

នៅម៉ាឡេស៊ី ទឹកជំនន់បានប៉ះពាល់ដល់មនុស្សជាង ១៥០.០០០នាក់ នៅទូទាំងរដ្ឋចំនួន ១០ គិតត្រឹមថ្ងៃអាទិត្យ ទី០១ ខែធ្នូ ដោយនៅភាគឦសាននៃរដ្ឋ កេឡាន់តាន់ (Kelantan) ទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុត ហើយចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះមានចំនួន ៧នាក់នៅក្នុងរដ្ឋនេះ។
ចំនួនមនុស្សជម្លៀសខ្លួនបានលើសពី ១១៨.៨០០០នាក់ ដែលធ្ងន់ធ្ងរជាងអំឡុងពេលទឹកជំនន់ដ៏អាក្រក់បំផុតមួយរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០១៤។ ប្រទេសជិតខាងទាំងពីរនេះជួបប្រទះនឹងភ្លៀងមូសុងដ៏ខ្លាំងក្លានៅជុំវិញអំឡុងពេលនេះរៀងរាល់ឆ្នាំ ហើយទឹកជំនន់មិនមែនជារឿងចម្លែកនោះទេ៕