ភ្នំពេញ ៖ វិស័យឯកជន ចាត់ទុកប្រទេសកូរ៉េ ជាទីផ្សារធំមួយបន្ទាប់ពីប្រទេសចិន សម្រាប់ទំនិញរបស់កម្ពុជា ដែលជាផ្នែកមួយជួយលើកកម្ពស់ខ្សែផលិតកម្មក្នុងស្រុក និងកសិករជាអ្នកដាំដុះបន្ថែមទៀត។ ការលើកឡើង បែបនេះ គឺបន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគជា ផ្លូវការនៅថ្ងៃទី២៦ ខែតុលានេះ។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរុរាយ៍ ថ្លែងប្រាប់ភ្នាក់ ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធការនាំអង្ករទៅកាន់ប្រទេសកូរ៉េ កម្ពុជា អនុវត្តតាមកូតានៃការបង់ពន្ធ ប៉ុន្តែបន្ទាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះតទៅ គឺបានបង្ហាញនូវចំណុចវិជ្ជមាន ដើម្បីឲ្យយើងមានលទ្ធភាពចរចានៅថ្ងៃខាងមុខ និងមានលទ្ធភាពដេញថ្លៃផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសកូរ៉េ ព្រោះទីផ្សារកូរ៉េគឺជាទីផ្សារធំមួយបន្ទាប់ពីទីផ្សារចិន។
ចំណែកលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត សាទរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំ ប្រឹងប្រែងពង្រីកទីផ្សារ ដើម្បីជម្រុញនាំចេញផលិតផលរបស់កម្ពុជា និងផ្នែកមួយជួយលើកកម្ពស់ផលិតផលក្នុង ស្រុក ជាពិសេសផលិតផលម្រេចទៅកាន់ទីផ្សារកូរ៉េឲ្យបានកាន់តែច្រើនថែមទៀត។
ដោយឡែកពាក់ព័ន្ធវិស័យឧស្សាហកម្ម, លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានថ្លែងថា ស្ថិតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំពោះវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា ទទួលបានការកុម្ម៉ង់ទិញពីខាងក្រៅយ៉ាងច្រើន ដែលធ្វើឲ្យកំណើននៃការនាំចេញក៏បានហក់ឡើង។
ដោយឡែកទីផ្សារកូរ៉េវិញ សម្រាប់ការនាំចេញកន្លងមានទ្រង់ទ្រាយតិចតូច ដោយកម្ពុជាបានអនុវត្តនៃការនាំចេញ តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន-កូរ៉េ។ ចំណែកការចុះកិច្ចព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េនេះវិញ នឹងអាចជួយជំរុញថែមទៀត នៃការនាំចេញផលិតផលកាត់ដេរទៅកាន់ប្រទេសនោះ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ នឹងជំរុញកំណើននៃការនាំចេញកំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ នឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
នៅក្នុងរយៈពេលបីត្រីមាសឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េ មានចំនួនទឹកប្រាក់ ជាង ៥៧៨ លានដុល្លារអាមេរិក កើនឡើងជាង ១១ភាគរយ ក្នុងនោះ កម្ពុជានាំចេញទំនិញសរុប ១៤៤ លានដុល្លារអាមេរិក កើនឡើងជិត ៤ ភាគរយ ទៅប្រទេសកូរ៉េខាងត្បូង ខណៈការនាំចូលមានចំនួនជាង ៤៣៤ លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយ បើរយៈពេលដូចគ្នាឆ្នាំ ២០២០ ៕
អត្ថបទ៖ សុន រ៉ាឌី