សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារព្រមគ្នាដើម្បីអបអរសាទរខួបលើកទី៩ នៃដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថាថ្ងៃទី២ ខែធ្នូ (២ធ្នូ ២០១៥ - ២ ធ្នូ ២០២៤)នេះ គឺជាខួប៩ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពី សាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត»។
សូមបញ្ជាក់ថារហូតមកដល់ពេលនេះសម្បត្តិវប្បធម៌ខ្មែរមានចំនួន១២ហើយ ដែលត្រូវបានចុះ បញ្ជីក្នុងអង្គការយូណេស្កូ ដោយក្នុងនោះបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា រមណីយដ្ឋានអង្គរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក,ប្រាសាទព្រះវិហារ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា,និងប្រាសាទសំបូរព្រៃគុក ចុះថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ។ រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
សម្រាប់បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិវិញ មានដូចជារបាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី ,ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង, ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី,ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី, ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស,និង គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រក្រម៉ារ៉ុក។
ដោយឡែកសម្រាប់បញ្ជីចងចាំស្មារតីនៃពិភពលោកវិញ មានដូចជាបណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស, ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិនខណៈរឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕ អត្ថបទ៖ បាន ចក់

