ប្រទេសនានាដែលកំពុងចរចាលើសន្ធិសញ្ញាពិភពលោកដើម្បីទប់ស្កាត់ការបំពុលប្លាស្ទិក បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃចន្ទ (០២ ធ្នូ) នេះ ដោយមានប្រទេសជាង ១០០ ចង់បញ្ឃប់ការផលិត ខណៈបណ្ដាផលិតប្រេងមួយចំនួនតូច ចង់កំណត់គោលដៅទៅលើតែកាកសំណល់ប្លាស្ទិកប៉ុណ្ណោះ។

កិច្ចប្រជុំគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាល (INC-5) លើកទីប្រាំរបស់អង្គការសហប្រជាជាតិ មានបំណងបង្កើតសន្ធិសញ្ញាសកលស្ដីពីកង្វក់ប្លាស្ទិក ក្រោមចំណងផ្លូវច្បាប់នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលមានន័យថាជាដំណោះស្រាយចុងក្រោយ ប៉ុន្តែលទ្ធផលនៅតែស្រពេចស្រពិល។

បណ្តាប្រទេសនៅមានគម្លាតឆ្ងាយពីគ្នាលើវិសាលភាពជាមូលដ្ឋាននៃសន្ធិសញ្ញានេះ ហើយអាចយល់ព្រមត្រឹមតែពន្យារពេលលើការសម្រេចចិត្តសំខាន់ៗ និងបន្តការពិភាក្សាឡើងវិញប៉ុណ្ណោះ ដែលត្រូវបានគេហៅថា INC 5.2 ទៅពេលក្រោយ។ លោកស្រី អ៊ីនជើ អាន់ដឺសិន (Inger Andersen) នាយកប្រតិបត្តិនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ បាននិយាយថា "ច្បាស់ណាស់ថានៅតែមានការខ្វែងគំនិតគ្នាជាបន្តបន្ទាប់" ។

បញ្ហាដែលខ្វែងគំនិតគ្នាបំផុតនោះរួមមាន ការបិទផលិតកម្មប្លាស្ទិក ការគ្រប់គ្រងផលិតផលប្លាស្ទិក និងសារធាតុគីមីដែលគួរឱ្យព្រួយបារម្ភ រួមទាំងការផ្តល់ហិរញ្ញប្បទានដើម្បីជួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យអនុវត្តសន្ធិសញ្ញានេះ៕