ក្រុមហ៊ុន Meta ដែលជាម្ចាស់បណ្ដាញសង្គម Instagram និង Facebook បាននិយាយនៅថ្ងៃចន្ទ (០២ ធ្នូ) នេះថា ខ្លួនបានដាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹងសម្រាប់អ្នកផ្សាយពាណិជ្ជកម្មផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលផ្តោតលើជនជាតិអូស្ត្រាលី ក្នុងគោលបំណងបង្ក្រាបការឆបោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

វិធានការនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Meta កាលពីខែតុលាបាននិយាយថា ខ្លួនបានលុបការផ្សាយពាណិជ្ជកម្ម ៨.០០០ផុស ដែលគេហៅថា "អន្ទាក់តារា" (Celeb bait) ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាមួយធនាគារអូស្ត្រាលីដើម្បីទប់ស្កាត់ការបោកប្រាស់ដែលប្រើរូបភាពរបស់បុគ្គលល្បីៗដើម្បីឆបោកអ្នកប្រើប្រាស់ឱ្យផ្តល់ប្រាក់ដល់គម្រោងវិនិយោគក្លែងក្លាយ។

ក្រុមហ៊ុន Meta និយាយថា ឥឡូវនេះអ្នកផ្សាយពាណិជ្ជកម្មនឹងតម្រូវឱ្យផ្ទៀងផ្ទាត់គោលដៅ និងព័ត៌មានបង់ប្រាក់ រួមទាំងលេខអាជ្ញាប័ណ្ណសេវាកម្មហិរញ្ញវត្ថុអូស្ត្រាលីរបស់ខ្លួន មុនពេលពួកគេអាចដំណើរការការផ្សាយពាណិជ្ជកម្មលើសេវាកម្មហិរញ្ញវត្ថុ។

ការរឹតបន្តឹងនេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលកណ្តាលនិយមឆ្វេងរបស់អូស្ត្រាលី បានអនុម័តសេចក្ដីស្នើច្បាប់ហាមប្រាមកុមារអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើប្រាស់បណ្ដាញសង្គម ជុំវិញហានិភ័យសុខភាពផ្លូវចិត្ត និងវិបត្តិផ្សេងទៀត ដែលទាក់ទាញការរិះគន់ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន៕