ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ប្រមាណជិត ៣ ៦០០ លាន ដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣, បច្ចុប្បន្នការនាំចេញនេះកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវរបាយការណ៍នាំចេញ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤, ក្នុងនោះសម្រាប់ការធ្វើពាណិជ្ជកម្មរបស់ កម្ពុជា ជាមួយប្រទេសនៅក្នុងសហភាពអឺរ៉ុប កំពុងមាននិន្នាការកើនឡើងគួរកត់សម្គាល់ ជាក់ស្តែងនៅក្នុងរយៈពេលនេះ ការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសទាំង៥ នៅក្នុងទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤ ៤០០ លានដុល្លារអាមេរិក ខណៈនៅក្នុងឆ្នាំ ២០២៣ នៅក្នុងរយៈពេលដូចគ្នា ការធ្វើពាណិជ្ជកម្មនេះ មានទំហំទឹកប្រាក់ត្រឹមជាង ៣ ៨០០ លានដុល្លារប៉ុណ្ណោះ។
ចំណែកទាក់ទិនការនាំចេញវិញ, នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់ ជាង ៣ ០០០ លានដុល្លារប៉ុណ្ណោះ ខណៈការនាំចេញនៅក្នុងរយៈពេល១០ នៅក្នុងឆ្នាំ២០២៤, មានទំហំទឹកប្រាក់ជាង ៣ ៦០០ លានដុល្លារ ការនាំចេញនេះបានបង្ហាញនូវនិន្នាការកើនឡើង ដែលជាផ្នែកមួយជួយជ្រោមជ្រែងដល់ការនាំចេញទំនិញរបស់កម្ពុជា។
ជុំវិញទីផ្សារអឺរ៉ុបនេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើង ថា ទីផ្សារអឺរ៉ុបគឺជាទីផ្សារដ៏សំខាន់របស់កម្ពុជា ជាក់ស្តែងនាពេលកន្លងមកទីផ្សារនោះ បានស្រូបយកទំនិញរបស់កម្ពុជាដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម ព្រមទាំងបានស្រូបយកកសិផលរបស់កម្ពុជាផងដែររួមមាន៖ អង្ករ, ម្រេច, ចេកអំបូង និងថ្មីៗនេះ កម្ពុជាក៏គ្រោងនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារនោះបន្ថែមទៀត។
លោកបណ្ឌិត បន្ថែមថា ដើម្បីជំរុញការនាំចេញទំនិញកម្ពុជាឱ្យបានកាន់តែច្រើន កម្ពុជាត្រូវតែសិក្សា ស្វែងយល់នៅលើទីផ្សារទាំងនោះ ឱ្យបានច្រើន អំពីតម្រូវបច្ចុប្បន្ន និងនៅក្នុងរយៈពេលវែង ដើម្បីជំរុញការនាំចេញឱ្យចំគោលដៅ និងធានាដល់កំណើននៃការនាំពេញរបស់កម្ពុជា ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី