លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យទី១ ខែធ្នូ ថាលោកបានលើកលែងទោសកូនប្រុសរបស់លោកគឺ លោក Hunter Biden ដែលត្រូវបានកាត់ទោសពីបទធ្វើសេចក្តីថ្លែងការណ៍មិនពិតលើការត្រួតពិនិត្យប្រវត្តិកាំភ្លើង និងកាន់កាប់អាវុធខុសច្បាប់ ហើយបានសារភាពថាមានទោសចំពោះការចោទប្រកាន់ពីបទមិនបង់ពន្ធសហព័ន្ធ។

លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយសេតវិមានថាថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើការលើកលែងទោសឱ្យកូនប្រុសខ្ញុំ Hunter ។ ចាប់ពីថ្ងៃដែលខ្ញុំឡើងកាន់តំណែង ខ្ញុំបាននិយាយថាខ្ញុំនឹងមិនជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ទេហើយខ្ញុំនៅតែរក្សាពាក្យសម្ដីរបស់ខ្ញុំ ដដែលទោះជាខ្ញុំបានមើលឃើញកូនប្រុសរបស់ខ្ញុំត្រូវបានកាត់ទោសដោយអយុត្តិធម៌ ក៏ដោយ
លោក Trump បានហៅការលើកលែងទោសឲ្យកូនប្រុសរបស់លោក Biden ថាជាការបំពានយុត្តិធម៌។
ការលើកលែងទោសនេះមានន័យថាលោក Hunter Bidenនឹងមិនត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌទេ ហើយលុបចោលឱកាសនៃការបញ្ជូនខ្លួនលោកទៅពន្ធនាគារផងដែរ។ ក្រុមចៅក្រមកំពុង ត្រួតពិនិត្យករណីរបស់លោក ដែលទំនងជានឹងលុបចោលសវនាការកាត់ទោស ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ធ្នូ ក្នុងសំណុំរឿងកាន់អាវុធខុសច្បាប់ និង១៦ធ្នូក្នុងសំណុំរឿងគេចវេះមិនបង់ពន្ធចូលរដ្ឋ។
សេតវិមានធ្លាប់និយាយម្តងហើយម្តងទៀតថា លោក Biden នឹងមិនលើកលែងទោស ឬបន្ធូរបន្ថយការកាត់ទោសរបស់កូនប្រុសលោក ជាអ្នកញៀនថ្នាំកំពុងជាសះស្បើយ ដែលបានក្លាយជាគោលដៅរបស់គណបក្សសាធារណរដ្ឋ រួមទាំងប្រធានាធិបតីជាប់ឆ្នោត លោកDonald Trump នោះទេ។
កាលពីខែកញ្ញា លោកបានសារភាពកំហុសចំពោះការចោទប្រកាន់របស់សហព័ន្ធថាមិនបានបង់ពន្ធចំនួន ១,៤ លានដុល្លារអាមេរិក ខណៈចំណាយអស់ច្រើនលើគ្រឿងញៀន អ្នកបម្រើសេវាផ្លូវភេទ និងរបស់ប្រើប្រាស់ប្រណីតៗ៕