ភ្នំពេញ ៖ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅព្រឹក ថ្ងៃទី២៦ ខែតុលានេះ។ គិតចាប់ពីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ គ្រោងនឹងចូលជាធរមាន នៅដើមឆ្នាំ២០២២ខាងមុខ ពោលគឺរយៈពេល៦០ថ្ងៃ ដែលភាគីទាំងពីរត្រូវ បញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា កូរ៉េខាងត្បូង ត្រូវបានធ្វើឡើងតាម ប្រព័ន្ធអនឡាញ ដោយភាគីកម្ពុជា តំណាងដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម ថាមពល តំណាងសាធារណរដ្ឋកូរ៉េ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា កិច្ចព្រមព្រៀងនេះ មានចំនួន ១០ជំពូក និង ១៣១មាត្រា រួមទាំងបុព្វកថា និងឧបសម្ព័ន្ធដែលគ្របដណ្តប់លើ ពាណិជ្ជកម្មទំនិញ រួមមានស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយ តម្លៃភាពអនុលោម វិធានការអនាម័យ និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ច សម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះ ស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញត្តិ។
ឯកឧត្តមបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះដែរ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុន សរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ បានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវដល់វិស័យឯកជន និងធុរកិច្ចជន ឲ្យខិតខំធ្វើយ៉ាងណាពង្រឹងសមត្ថភាពនូវការ ផលិត ជាពិសេសគុណភាពទំនិញ ពីព្រោះយើងនឹង អាចឈានទៅរកគុណភាពជាលក្ខណៈអន្តរជាតិនាពេល អនាគត។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីក ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅ បង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។
គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-កូរ៉េ សម្រេចបានចំនួនប្រមាណជាង ៥១៤លានដុល្លារ កើនឡើងជាង ១១% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដោយក្នុងនោះទំនិញ ដែលនាំចេញពីកម្ពុជា មានដូចជា ភេសជ្ជៈ ឱសថ រថយន្តដឹកទំនិញ គ្រឿងអេឡិកត្រូនិក គ្រឿងសំអាង គ្រឿងម៉ាស៊ីន និងផលិតផលប្លាស្ទិកជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ របស់ប្រទេសកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ដែលទើបតែត្រូវបានផ្តល់ សច្ចាប័នកាលពីពេលថ្មីៗនេះ៕
អត្ថបទ ៖ ឈិត បូរ៉ាវី


