ប្រធានទីភ្នាក់ងារ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូថា ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានបញ្ឈប់ការដឹកជញ្ជូនជំនួយតាមច្រកឆ្លងកាត់ Kerem Shalom ដ៏សំខាន់រវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ដោយសារការព្រួយបារម្ភពីសុវត្ថិភាព។

ប្រធានទីភ្នាក់ងារUNRWA លោក Philippe Lazzarini បានបង្ហោះនៅលើបណ្តាញ X ថា «ផ្លូវចេញពីច្រកឆ្លងកាត់នេះ ពុំមានសុវត្ថិភាពរយៈពេលជាច្រើនខែមកហើយ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ក្បួនរថយន្តដឹកជំនួយដ៏ច្រើន ត្រូវបានលួចដោយក្រុមជនអន្ធពាលប្រដាប់អាវុធ» ហើយកាលពីថ្ងៃម្សិលមិញ យើងបានព្យាយាមនាំយករថយន្តដឹកស្បៀងមួយចំនួនទៅតាមផ្លូវដដែលនោះ។ រថយន្តទាំងអស់ ត្រូវបានគេចាប់យក ដោយលោកបានព្រមានថា ភាពអត់ឃ្លានកំពុង «កើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ហ្កាហ្សា»។

អង្គការសហប្រជាជាតិ បាននិយាយថា តំបន់ហ្កាហ្សា បានធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ ដោយ ភាពអត់ឃ្លានកើនឡើង ការចូលលួច និងការកើនឡើងចំនួននៃការចាប់រំលោភនៅក្នុងទីជម្រក ខណៈសណ្តាប់ធ្នាប់សាធារណៈ បានធ្លាក់ចុះ។
ក្រសួងការពារជាតិអ៊ីស្រាអែលដែលទទួលខុសត្រូវលើកិច្ចការស៊ីវិលនៅក្នុងដែនដីប៉ាឡេស្ទីន បាននិយាយនៅលើបណ្តាញ X ថា «មានតែ៧ភាគរយប៉ុណ្ណោះនៃជំនួយ បានចូលទៅក្នុងតំបន់ហ្កាហ្សា ក្នុងខែវិច្ឆិកា ដែលត្រូវបានសម្របសម្រួលដោយទីភ្នាក់ងារ UNRWA។
ក្រសួងបាននិយាយបន្ថែមថា «មានអង្គការមនុស្សធម៌រាប់សិប ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបន្តដើរតួនាទីកាន់តែកើនឡើងក្នុងការផ្តល់ជំនួយមនុស្សធម៌»។