ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តផែនការថវិកាជាតិផ្តោតសំខាន់លើវិស័យយោធាសម្រាប់ឆ្នាំ ២០២៥-២០២៧ នេះបើយោងតាមឯកសារមួយដែលបានចេញផ្សាយនៅលើគេហទំព័រច្បាប់ផ្លូវការកាលពីថ្ងៃអាទិត្យ (០១ ធ្នូ)។

ថវិការដ្ឋសម្រាប់ឆ្នាំក្រោយរួមមាន ការដំឡើង ២៥% ក្នុងការចំណាយយោធា ប៉ុន្តែនឹងក្លាយជាការសម្ងាត់បំផុតនៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀត ដោយស្ទើរតែមួយភាគបីនៃការចំណាយទាំងអស់ត្រូវបានបិទយ៉ាងជិតមិនឱ្យមានការត្រួតពិនិត្យជាសាធារណៈឡើយ។

រដ្ឋាភិបាលបានទទួលស្គាល់ថា តម្រូវការនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន និងការគាំទ្រសម្រាប់យោធា នឹងនៅតែជាអាទិភាពក្នុងថវិកាជាតិ រួមជាមួយនឹងតម្រូវការសង្គម និងការអភិវឌ្ឍបច្ចេកវិទ្យា។
រដ្ឋាភិបាលបានបង្ហាញសេចក្តីព្រាងថវិកាថា "មានតុល្យភាព" ដោយឱនភាពបានធ្លាក់ចុះមកត្រឹម ០,៥% ធៀបនឹងឱនភាពដែលបានព្យាករនៅឆ្នាំនេះចំនួន ១,៧% និងបំណុលរដ្ឋនៅសល់ក្រោមកម្រិត ២០% សម្រាប់រយៈពេលបីឆ្នាំខាងមុខ៕
