ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad នៅទីក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ ដើម្បីផ្តល់សារគាំទ្រមួយ បន្ទាប់ពីការវាយរុលចូលទៅមុខរបស់ក្រុមឧទ្ទាមលឿនដូចផ្លេកបន្ទោរ ដែលបានធ្វើឱ្យបាត់បង់ការគ្រប់គ្រងរបស់រដ្ឋាភិបាលនៅទីក្រុងធំបំផុតទីពីររបស់ប្រទេសស៊ីរី គឺទីក្រុងអាឡេប៉ូ(Aleppo) ។

ទីក្រុងតេអេរ៉ង់ គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោកអាសាដ ក្នុងអំឡុងសង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងក្នុងឆ្នាំ២០១១។ ប្រទេសអ៊ីរ៉ង់ នៅតែអះអាងថា ខ្លួនពុំមានកងទ័ពប្រយុទ្ធនៅក្នុងប្រទេសស៊ីរីទេ គឺមានតែមន្ត្រីផ្តល់ការណែនាំ និងបណ្តុះបណ្តាលផ្នែកយោធាប៉ុណ្ណោះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា លោក Araghchi និងលោក Assad បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់។

សេចក្តីថ្លែងការណ៍មួយពីប្រធានាធិបតីស៊ីរី បាននិយាយថា លោក Assad បានសង្កត់ធ្ងន់លើ «សារៈសំខាន់នៃការគាំទ្ររបស់សម្ព័ន្ធមិត្ត និងមិត្តភក្តិ ក្នុងការប្រឈមមុខទៅនឹងការវាយប្រហារភេរវកម្មគាំទ្រដោយបរទេស»។ មុនចាកចេញទៅកាន់ទីក្រុង ដាម៉ាស លោក Araghchi បាននិយាយថា ទីក្រុង តេអេរ៉ង់ នឹង«គាំទ្រយ៉ាងរឹងមាំដល់រដ្ឋាភិបាល និងកងទ័ពរបស់ប្រទេសស៊ីរី» ។
អង្គការឃ្លាំមើលសង្គ្រាមស៊ីរីទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ក្រុមឧទ្ទាមដឹកនាំដោយឥស្លាមនិយម កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បានដណ្តើមកាន់កាប់ភាគច្រើននៅទីក្រុងអាឡេប៉ូ រួមមានអាកាសយានដ្ឋានរបស់ទីក្រុង និងក្រុងនានានៅក្បែរនោះ។
លោក Rami Abdel Rahman ប្រធានអង្គការឃ្លាំមើល បានប្រាប់សារព័ត៌មាន AFP ថា គិតត្រឹមថ្ងៃអាទិត្យ ក្រុមជីហាដ Hayat Tahrir al-Sham និងក្រុមសម្ព័ន្ធមិត្ត បានគ្រប់គ្រង ទីក្រុង អាឡេប៉ូ(Aleppo) លើកលែងតែតំបន់ជិតខាងដែលគ្រប់គ្រងដោយកងកម្លាំងឃឺដ។
លោក Araghchi បានចាត់ទុកការវាយលុករបស់ក្រុមឧទ្ទាមដ៏ភ្ញាក់ផ្អើលថា ជាផែនការរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។