សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងគូសបញ្ជាក់ថា ស្មារតីរណសិរ្ស ២ធ្នូ នៅតែប្រកាន់ ជំហរចូលរួមការពារយ៉ាងដាច់ខាតនូវសុខសន្តិភាព ដែលរកបានដោយលំបាកជាមួយរាជរដ្ឋាភិបាល ។
ក្នុងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០២៤) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ ថា រយៈពេល៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានស្ថិតស្ថេររួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គ តូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណ បក្សប្រជាជនកម្ពុជា ។
សម្ដេចបានបញ្ជាក់ថា ស្មារតី២ធ្នូ ស្មារតី៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជន បាន ប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗនៃសង្គមជាតិ ហើយឥឡូវនេះ ក្រោមពន្លឺ នៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ប្រជាជនទាំងអស់គ្នា ជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្មដូចក្នុងអតីតកាលឡើយ ហើយប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារនូវសុខសន្តិភាពឲ្យបានជាដាច់ខាត ។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជា មួយប្រជាជន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ ។
សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំ កម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នាថ្ងៃ៧ មករា ១៩៧៩។ ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧប ត្ថម្ភគាំទ្រស្មារតី និងសម្ភារទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និងត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត៕ អត្ថបទ៖ បាន សុខរិទ្ធិ




