ប្រធានាធិបតីប្រទេសស៊ែប៊ី លោក Aleksandar Vucic កាលពីថ្ងៃអាទិត្យ បាននិយាយថា ប្រទេសរបស់លោក នឹងជួយស៊ើបអង្កេតការផ្ទុះនៅប្រទេសកូសូវ៉ូ ដែលបណ្តាលឱ្យមានការអាក់ខានដល់ការផ្គត់ផ្គង់ទឹក ហើយរដ្ឋាភិបាលនៅទីនោះ បានដាក់កំហុសលើទីក្រុង បែលក្រាដ(Belgrade)។

ការផ្ទុះកាលពីល្ងាចថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បានវាយប្រហារនៅព្រែកជីកមួយកន្លែង ដែលបានបញ្ជូនទឹកទៅដល់រោងចក្រថាមពលចំនួនពីរដំណើរការដោយធ្យូងថ្មរបស់ប្រទេសកូសូវ៉ូ ដែលមានការផលិតថាមពលភាគច្រើនរបស់ប្រទេស។

វាក៏បានបណ្តាលឱ្យមានការដាច់ការផ្គត់ផ្គង់ទឹកនៅតំបន់មួយចំនួនរបស់ប្រទេសផងដែរ ប៉ុន្តែពុំមានការដាច់ចរន្តអគ្គិសនីនោះទេ។ ឧបទ្ទវហេតុ បានបញ្ឆេះភាពតានតឹងជាយូរមកហើយរវាងប្រទេសកូសូវ៉ូ និងស៊ែប៊ី។ រដ្ឋាភិបាលកូសូវ៉ូ បានហៅការផ្ទុះនេះថាជាអំពើភេរវកម្មរបស់ប្រទេសស៊ែប៊ី ប៉ុន្តែស៊ែប៊ី បានបដិសេធ។
ថ្លែងនៅទីក្រុង បែលក្រាដ(Belgrade)កាលពីថ្ងៃអាទិត្យ លោក Vucic បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ប្រទេសស៊ែប៊ី ពុំបានពាក់ព័ន្ធទៅនឹងការផ្ទុះនេះទេ។ លោកក៏បានចោទប្រកាន់នាយករដ្ឋមន្រ្តីកូសូវ៉ូ លោក Albin Kurti ថាបានប្រើប្រាស់ឧបទ្ទវហេតុនេះដើម្បីពង្រឹងការគ្រប់គ្រងរបស់លោកនៅភាគខាងជើងប្រទេស។
រដ្ឋាភិបាលកូសូវ៉ូ ពុំបាននិយាយថាហេតុអ្វីបានជាខ្លួនជឿថា ប្រទេសស៊ែប៊ី ជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះនេះទេ។ នគរបាលប្រទេសកូសូវ៉ូ បានចាប់ខ្លួនមនុស្ស៨នាក់ និងរឹបអូសបានអាវុធ និងគ្រឿងផ្ទុះមួយចំនួន ក្នុងការវាយឆ្មក់ដែលពាក់ព័ន្ធទៅនឹងការផ្ទុះនេះ។