ក្រុមមន្ត្រីពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ១១០នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ បានទៅដល់ខេត្ត អាឆេ (Aceh) របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ (៣០ វិច្ឆិកា) បន្ទាប់ពីទូករបស់ពួកគេជិតលិចនៅដែនទឹកក្បែរនោះ។

ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ដែលមានដើមកំណើតពីមីយ៉ាន់ម៉ា និងជាប្រជាជនគ្មានរដ្ឋច្រើនជាងគេលើពិភពលោក ជាធម្មតាតែងរត់គេចខ្លួនពីស្ថានភាពមិនល្អនៅក្នុងជំរំភៀសខ្លួន ដោយធ្វើដំណើរតាមទូកចាស់ៗទៅកាន់ប្រទេសថៃ ឬឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលភាគច្រើនកាន់សាសនាអ៊ិស្លាម នៅចន្លោះខែតុលា ដល់ខែមេសា នៅពេលរលកសមុទ្រស្ងប់ស្ងាត់។
កាលពីខែតុលា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៤០០នាក់ បានទៅដល់ក្នុងខេត្ត Aceh និងស៊ូម៉ាត្រាខាងជើង (North Sumatra) តាមទូកតូចៗ។ ទិន្នន័យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានបង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ២.០០០ នាក់បានទៅដល់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣ ច្រើនជាងចំនួនសរុបនៃការមកដល់ក្នុងរយៈពេល ៤ឆ្នាំមុននោះ។

ជាមួយគ្នានេះ ជនជាតិរ៉ូហ៊ីងយ៉ាជិតមួយលាននាក់កំពុងរស់នៅជំរំបង់ក្លាដែស ក្នុងអ្វីដែលឧត្តមស្នងការ UNHCR លោក ហ្វីលីប៉ូ ហ្រ្គានឌី (Filippo Grandi) បានហៅថាជា “ជំរំជនភៀសខ្លួនមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក”៕