ក្រុមអ៊ីស្លាមនិយមហាម៉ាស បានបញ្ចេញវីដេអូនៃបុរសម្នាក់ ដែលក្រុមនេះបាននិយាយថា ជាចំណាប់ថ្នូរ ក្នុងគោលបំណងជាក់ស្តែងមួយ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល និងប្រទេសផ្សេងទៀត ខណៈ ការចរចាសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប នៅតែជាប់គាំង។

វីដេអូ ដែលបានចេញផ្សាយ បង្ហាញពីយុវជនម្នាក់អោបក្បាលនិងយំអង្វរឲ្យមានការជួយសង្គ្រោះឲ្យទាន់ពេលវេលា។
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera មានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១០០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ តែមួយថ្ងៃ។

ប្រព័ន្ធផ្សព្វផ្សាយនេះបាននិយាយថា ក្នុងចំណោមអ្នកទាំងឡាយដែលបានស្លាប់ មានអ្នកស្រុកចំនួន ១២នាក់នៅភាគខាងត្បូងដែលកំពុងស្វែងរកជំនួយស្បៀងអាហារក្នុងពេលមានវិបត្តិស្បៀងធ្ងន់ធ្ងរ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការវាយប្រហារតាមអាកាស បានបំផ្លាញអគារលំនៅឋានមួយកន្លែងក្នុងទីក្រុងហ្កាហ្សា ដោយបានពង្រាបអគារនេះទៅជាកម្ទេចថ្ម និងបណ្តាលឱ្យអ្នកស្រុកច្រើននាក់បាត់ខ្លួន នៅទីនោះ។
ទន្ទឹមនឹងនោះ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើតមាននៅក្នុងប្រទេសលីបង់ ទោះបីជាមានការវាយលុកមួយចំនួន បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។ អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហេសបូឡា ពីការរំលោភបំពានលើបទឈប់បាញ់។