ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីដណ្តើមបានការគ្រប់គ្រងតំបន់មានប្រជាជនរស់នៅ ក្នុងក្រុង Ilyinka និងក្រុង Petrovka នៅក្នុងតំបន់ Donetsk ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីពេលយប់ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន២៩គ្រឿង នៅក្នុងតំបន់ Bryansk, Kaluga, Smolensk និងតំបន់ Kursk ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យនៅលើបណ្តាញ Telegram ថា យានដ្រូនវាយប្រហាររបស់រុស្ស៊ីជាង៣០គ្រឿង ត្រូវបានបាញ់ទម្លាក់កាលពីពេលយប់ ហើយរុស្ស៊ីបានប្រើប្រាស់គ្រាប់បែកពីលើអាកាសស៊ីបគោលដៅជាង៥០០គ្រាប់ យានដ្រូនវាយប្រហារប្រមាណ៦៦០គ្រឿង និងមីស៊ីលប្រហែល១២០គ្រាប់នៃប្រភេទផ្សេងៗគ្នាទៅលើអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។
យោងតាមសារព័ត៌មាន TASS ដោយផ្អែកលើរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានដណ្តើមយកទីតាំងលំនៅចំនួន៨៨កន្លែង នៅក្នុងតំបន់ Donetsk, Lugansk, Zaporizhzhia, Kursk និងតំបន់ Kharkov នៅរដូវស្លឹកឈើជ្រុះ ក្នុងឆ្នាំ២០២៤នេះ។