ក្រសួងសុខាភិបាលប្រទេសកេនយ៉ា បានជំរុញឱ្យពលរដ្ឋប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវវិធានការបង្ការ ជំងឺអុតស្វា(mpox) ខណៈចំនួនករណីនៅតែបន្តកើនឡើង ដោយកុមារងាយរងគ្រោះជាពិសេស។

លេខាធិការទទួលបន្ទុកគោលការណ៍នៃក្រសួងសុខាភិបាល លោកស្រី Mary Muthoni បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីរបស់ប្រទេសកេនយ៉ា ថា ករណីជំងឺអុតស្វា(mpox) ថ្មីចំនួន៥ករណី ត្រូវបានបញ្ជាក់នៅភាគពាយព្យ តំបន់ឆ្នេរ និងនៅភាគកណ្តាលប្រទេសកេនយ៉ា ដែលនាំឱ្យចំនួនសរុបកើនឡើងដល់២៣ករណី ក្នុងសប្តាហ៍មុននេះ ។
លោកស្រី Muthoni បានព្រមានថា កុមារគឺអ្នកងាយរងគ្រោះជាពិសេស ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេពុំត្រូវបានអភិវឌ្ឍពេញលេញដើម្បីប្រយុទ្ធប្រឆាំងការឆ្លងជំងឺ។ ក្រសួង បានបញ្ជាក់អំពីសារៈសំខាន់នៃការដាក់ឱ្យនៅដាច់ដោយឡែក ក្នុងចំណោមករណីដែលសង្ស័យ ឬត្រូវបានបញ្ជាក់ ដើម្បីជៀសវាងការឆ្លងដល់កុមារនៅក្នុងគ្រួសារ ដោយសារពួកគេមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ប្រសិនបើពួកគេឆ្លង។
លោកស្រី Muthoni បានបញ្ជាក់ពីតម្រូវការសម្រាប់ការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងចំណោមអ្នកដែលសង្ស័យ និងអ្នកដែលត្រូវបានបញ្ជាក់ពីករណីជំងឺអុតស្វា(mpox) ដើម្បីការពារក្រុមងាយរងគ្រោះ ជាពិសេសកុមារអាយុក្រោម៥ឆ្នាំ។ លោកស្រី បានកត់សម្គាល់ផងដែរថា បុគ្គលិកសុខាភិបាល បានបង្កើនកិច្ចខិតខំប្រឹងប្រែងតាមដានចំពោះការផ្ទុះឡើងជំងឺនេះ នៅក្នុងតំបន់។
លោកស្រី Muthoni និយាយថា យើងអំពាវនាវឱ្យប្រជាជនកេនយ៉ាទាំងអស់រក្សាការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ និងរាយការណ៍ភ្លាមៗអំពីរោគសញ្ញាដែលសង្ស័យណាមួយទៅកាន់មជ្ឈមណ្ឌលដែលនៅជិតបំផុត។