ប្រទេសអូស្ត្រាលី បានស្នើច្បាប់ថ្មីនៅថ្ងៃចន្ទ (០២ ធ្នូ) នេះដែលអាចដាក់ពិន័យរហូតដល់ ៥០លានដុល្លារអូស្ត្រាលី (៣៣ លានដុល្លារអាមេរិក) លើក្រុមហ៊ុនបច្ចេកវិទ្យាសកល ប្រសិនបើពួកគេរារាំងមិនឱ្យមានការប្រកួតប្រជែង និងទប់ស្កាត់អ្នកប្រើប្រាស់មិនឱ្យផ្លាស់ប្តូររវាងសេវាកម្ម។

រដ្ឋាភិបាលការងារកណ្តាលនិយមឆ្វេង បានកំណត់គោលដៅលើឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ហើយសភាបានអនុម័តច្បាប់មួយកាលពីសប្តាហ៍មុន ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៦ឆ្នាំ។

មន្រ្តីរតនាគារ លោក ស្ទេហ្វិន ចូនស៍ (Stephen Jones) បាននិយាយនៅថ្ងៃចន្ទថា "វេទិកាសង្គមធំៗអាចគិតថ្លៃខ្ពស់ជាងមុន កាត់បន្ថយជម្រើស និងប្រើល្បិចបោកបញ្ឆោតដើម្បីរារាំងអ្នកប្រើប្រាស់មិនឱ្យប្រើផលិតផលផ្សេង" ។

ដំណើរការពិគ្រោះយោបល់លើសំណើច្បាប់នេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំក្រោយ ហើយការពិភាក្សាជាច្រើនទៀតនឹងត្រូវធ្វើឡើងដើម្បីរៀបចំសេចក្តីព្រាងច្បាប់។ ក្រុមហ៊ុន Apple, Google និង Meta ដែលគ្របដណ្ដប់លើការទាញយកកម្មវិធី និងរកប្រាក់ចំណូលបានយ៉ាងច្រើនពីការផ្សាយពាណិជ្ជកម្ម មិនបានឆ្លើយតបភ្លាមៗលើការសុំការអត្ថាធិប្បាយជុំវិញសំណើច្បាប់ថ្មីនេះទេ៕