បុគ្គលិកសាលាបឋមសិក្សាកាន់តែច្រើននៅទូទាំងកូរ៉េខាងត្បូង កំពុងទទួលរងគ្រោះពីជំងឺបាក់ទឹកចិត្ត ខណៈទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីសប្ដាហ៍មុនថា បុគ្គលិកសាលាបឋមសិក្សាចំនួន ៩.៤៦៨នាក់ ទទួលការព្យាបាលជំងឺធ្លាក់ទឹកចិត្តក្នុងឆ្នាំ២០២៣។
ទិន្នន័យពីសេវាធានារ៉ាប់រងសុខភាពជាតិ បានបង្ហាញថា អត្រាព្យាបាលជំងឺបាក់ទឹកចិត្តសម្រាប់បុគ្គលិកសាលាបឋមសិក្សា មាននិន្នាការកើនឡើងចាប់តាំងពី ១៦,៤% ក្នុង ១.០០០នាក់នៅឆ្នាំ២០១៨ ដល់ ៣៧,២% ក្នុង ១.០០០នាក់នៅឆ្នាំ២០២៣។
និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះកើតឡើងបន្ទាប់ពីឧប្បត្តិហេតុដ៏ល្បីមួយទាក់ទងនឹងការធ្វើអត្តឃាតរបស់គ្រូបង្រៀនថ្មីថ្មោងម្នាក់នៅសាលាបឋមសិក្សាមួយក្នុងសង្កាត់ សូឆូ (Seocho) នៃទីក្រុងសេអ៊ូល ដែលត្រូវបានរាយការណ៍ថាដោយសារតែការត្អូញត្អែរពីឪពុកម្តាយឥតឈប់ឈរ។
វិបត្តិសុខភាពផ្លូវចិត្តបែបនេះពង្រីកហួសពីសាលាបឋមសិក្សា ដោយបុគ្គលិកនៅសាលាមធ្យមសិក្សា និងវិទ្យាល័យ សាកលវិទ្យាល័យ និងកន្លែងថែទាំ ក៏ជួបប្រទះនឹងការកើនឡើងនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភផងដែរ៕