ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) បាននិយាយនៅថ្ងៃចន្ទ (០២ ធ្នូ) នេះថា វត្តមានរបស់នាវាមុជទឹករុស្ស៊ី ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូងគឺ "គួរឱ្យព្រួយបារម្ភខ្លាំងណាស់" ។

អ្នកនាំពាក្យកងទ័ពជើងទឹក លោក Roy Vincent Trinidad បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា នាវាមុជទឹកប្រភេទ គីឡូ-ក្លាស (Kilo-class) របស់រុស្ស៊ី ត្រូវបានប្រទះឃើញនៅចម្ងាយ ៨០ម៉ាយល៍ណត ពីសមុទ្រភាគខាងលិចខេត្ត Occidental Mindoro កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយបញ្ជាក់របាយការណ៍ពីសារព័ត៌មាន ហ្វីលីពីន ដេលី អីនខ្វាយអឺរើ (Philippine Daily Inquirer)។

នាវាមុជទឹកប្រភេទ Kilo-class របស់រុស្ស៊ី ត្រូវបានចាត់ទុកថាជានាវាមុជទឹកស្ងប់ស្ងាត់បំផុត និងត្រូវបានកែលម្អឥតឈប់ឈរចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។
គួរបញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ី ដែលបានប្រកាសភាពជាដៃគូ "គ្មានដែនកំណត់" កាលពីឆ្នាំ២០២២ បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងកាលពីខែកក្កដា ពាក់ព័ន្ធនឹងនាវាចម្បាំងរុស្ស៊ីជាច្រើន ហើយគេមិនច្បាស់ទេថា នាវាមុជទឹកនេះជាផ្នែកនៃក្រុមសមយុទ្ធនៅពេលនោះឬយ៉ាងណា។ ស្ថានទូតរុស្ស៊ី នៅទីក្រុងម៉ានីល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ៕
