អ្នកជំនាញ និងអ្នកនៅក្នុងឧស្សាហកម្មអវកាសបាននិយាយថា ការកើនឡើងយ៉ាងឆាប់រហ័សនៃផ្កាយរណប និងបំណែកផ្សេងៗដែលកកកុញក្នុងចរាចរណ៍លំហ នឹងធ្វើឱ្យគន្លងទាបរបស់ផែនដីមិនអាចប្រើប្រាស់បាន លុះត្រាតែក្រុមហ៊ុន និងប្រទេសនានាសហការគ្នា និងចែករំលែកទិន្នន័យត្រូវការ ដើម្បីគ្រប់គ្រងតំបន់ដែលអាចចូលដំណើរការបានច្រើនបំផុតនៃលំហ។

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិស្តីពីការសម្របសម្រួលចរាចរណ៍អវកាស កាលពីចុងខែតុលា បានបញ្ជាក់ថា សកម្មភាពបន្ទាន់គឺជាភាពចាំបាច់ ហើយបានអំពាវនាវឱ្យមានមូលដ្ឋានទិន្នន័យចែករំលែកដ៏ទូលំទូលាយនៃយាន ឬវត្ថុក្នុងលំហ ក៏ដូចជាក្របខណ្ឌអន្តរជាតិដើម្បីតាមដាន និងគ្រប់គ្រងសម្ភារៈទាំងនោះ។

ទិន្នន័យពីទីភ្នាក់ងារលំហអាកាស ស្លីងស្ហត (Slingshot) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញថា មានផ្កាយរណបជាង ១៤.០០០គ្រឿង រួមទាំងផ្កាយរណបអសកម្មប្រហែល ៣.៥០០គ្រឿង ជុំវិញពិភពលោកនៅក្នុងគន្លងទាបរបស់ផែនដី។ ក្រៅពីនោះមានបំណែកប្រហែល ១២០លានដុំ នៃសំណល់ពីការបាញ់បង្ហោះ ការប៉ះទង្គិច និងការខូចខាតផ្សេងទៀត ដែលមានត្រឹមតែពីរបីពាន់ដុំប៉ុណ្ណោះដែលមានទំហំធំល្មមអាចតាមដានបាន។

មិនទាន់មានប្រព័ន្ធកណ្ដាលណាមួយដែលគ្រប់ប្រទេសអាចប្រើប្រាស់ដើម្បីគ្រប់គ្រងចរាចរណ៍លំហទេ ហើយសូម្បីតែការបញ្ចុះបញ្ចូលពួកគេឱ្យប្រើប្រព័ន្ធបែបនេះក៏មានឧបសគ្គជាច្រើន។ ខណៈដែលប្រទេសមួយចំនួនមានឆន្ទៈក្នុងការចែករំលែកទិន្នន័យ អ្នកខ្លះទៀតខ្លាចប៉ះពាល់ដល់សន្តិសុខ ជាពិសេសដោយសារផ្កាយរណបច្រើនតែជាអាវុធមុខពីរ។ ជាងនេះទៅទៀត សហគ្រាសមានបំណងចង់ការពារការណ៍សម្ងាត់ពាណិជ្ជកម្ម៕