រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១៩ លានផោន (២៤ លានដុល្លារ) ដល់តំបន់ហ្កាហ្សា ដោយអំពាវនាវឲ្យអ៊ីស្រាអែលផ្តល់លទ្ធភាពឲ្យកាន់តែទូលំទូលាយ នៅមុនសន្និសីទដ៏សំខាន់មួយស្តីពីជម្លោះនេះ។
លោកស្រីរដ្ឋមន្ត្រី Anneliese Dodds បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅពេលលោកស្រី បានធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់តំបន់នេះ រួមទាំងសន្និសីទអន្តរជាតិ នៅទីក្រុងគែរ នៅថ្ងៃចន្ទនេះស្តីពីតម្រូវការជំនួយរបស់ហ្កាហ្សាស្ទ្រីបថា៖«ប្រជាជនហ្កាហ្សា ត្រូវការស្បៀងអាហារយ៉ាងខ្លាំង និងទីជម្រក ស្របពេលការចាប់ផ្តើមនៃរដូវរងា»។
លោកស្រី បានបន្ថែមថា៖«សន្និសីទទីក្រុងគែរ នឹងជាឱកាសមួយ ដើម្បីទទួលបានសំឡេងនាំមុខគេ នៅក្នុងបន្ទប់មួយ និងដាក់ចេញនូវដំណោះស្រាយជាក់ស្តែងចំពោះវិបត្តិមនុស្សធម៌»។
«អ៊ីស្រាអែលត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីធានាឲ្យបាននូវជំនួយគ្មានការរារាំងដល់តំបន់ហ្កាហ្សា»។
អង្គការជំនួយទាំងអស់ បានចោទប្រកាន់អ៊ីស្រាអែលថា បានរារាំងរថយន្តដឹកទំនិញមិនឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា ក្នុងចំនួនដ៏ច្រើនគ្រប់គ្រាន់ ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌ នៅក្នុងទឹកដីដែលហែកហួរដោយសង្រ្គាមនេះ ។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា ការផ្តល់មូលនិធិថ្មីរបស់ចក្រភពអង់គ្លេស នឹងត្រូវបានបែកចែកជាពីរគឺចំនួន ១២លានផោនសម្រាប់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និង ៧លានផោនសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។