ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ (Bashar al-Assad) បានសន្យាថា នឹងបន្តការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្ម «ដោយកម្លាំង និងការប្តេជ្ញាចិត្តពេញលេញ» ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី (Abbas Araghchi)។
ថ្លែងនៅក្នុងទីក្រុងដាម៉ាស( Damascus) លោក សាអាដ បានសង្កត់ធ្ងន់ថា ការប្រយុទ្ធរបស់ស៊ីរីប្រឆាំងនឹងក្រុមឧទ្ទាមមិនត្រឹមតែបម្រើផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ថែមទាំងស្ថិរភាពក្នុងតំបន់ទៀតផង។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA លោក អាសាដ បានប្រាប់លោក អារ៉ាជីថា៖«ការប្រឈមមុខនឹងអំពើភេរវកម្ម ការរុះរើរចនាសម្ព័ន្ធនិងកាត់ផ្តាច់ប្រភពរបស់វា ផ្តល់ផលប្រយោជន៍ដល់តំបន់ទាំងមូល»។
លោកប្រធានាធិបតីស៊ីរី បានលើកឡើងពីសារៈសំខាន់នៃការគាំទ្រពីសម្ព័ន្ធមិត្ត ក្នុងការទប់ទល់នឹងការវាយប្រហារភេរវកម្ម ដែលគាំទ្រដោយបរទេស។
លោក អារ៉ាជី បានបញ្ជូនសារនៃការគាំទ្រពីថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះបូរណភាពទឹកដីរបស់ប្រទេសស៊ីរី និងការត្រៀមខ្លួនរបស់ខ្លួន ក្នុងការផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ នៅក្នុងជម្លោះដែលកំពុងបន្តនេះ។
ដំណើរទស្សនកិច្ចរបស់លោក អារ៉ាជី កើតឡើង ស្របពេលមានភាពតានតឹងកាន់តែខ្លាំង ដោយកងកម្លាំងយោធាស៊ីរី បានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធដ៏សំខាន់ប្រឆាំងនឹងក្រុមឧទ្ទាម។ ក្រុមសកម្មជន បានរាយការណ៍ថា ការរុលចូលទៅមុខរបស់ក្រុមឧទ្ទាមនាពេលថ្មីៗនេះ បានបណ្តាលឲ្យបាត់បង់ការគ្រប់គ្រងលើខេត្ត Aleppo និង Idlib ។