តុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី២ ខែធ្នូ) នេះ ចាប់ផ្តើមសវនាការលើកាតព្វកិច្ចផ្លូវច្បាប់របស់ប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងផលវិបាក សម្រាប់បណ្ដារដ្ឋដែលរួមចំណែកដល់ការឡើងកម្ដៅផែនដី ជាលទ្ធផលដែលអាចមានឥទ្ធិពលលើវិវាទ នៅទូទាំងពិភពលោក។
វ៉ានូអាទូ ជារដ្ឋមួយ ក្នុងចំណោមបណ្ដារដ្ឋកោះតូចៗ ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផ្តល់នូវអ្វីដែលគេហៅថា យោបល់ប្រឹក្សា នឹងក្លាយជារដ្ឋដំបូងគេ ក្នុងចំណោមរដ្ឋ និងអង្គការអន្តរជាតិជាង ១០០ ដែលផ្តល់ទស្សនៈរបស់ពួកគេ ក្នុងដំណើរការរយៈពេល ២សប្តាហ៍ ដែលបានចាប់ផ្តើមនៅវេលាម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក)។
ទោះបីជាការផ្ដល់យោបល់ប្រឹក្សារបស់តុលាការ មិនមានកាតព្វកិច្ចខាងផ្លូវច្បាប់ក៏ដោយ ក៏វាមានសារៈសំខាន់ផ្នែកច្បាប់ និងនយោបាយដែរ។ អ្នកជំនាញនិយាយថា ការផ្ដល់យោបល់ជាយថាហេតុរបស់តុលាការ ស្តីពីបម្រែបម្រួលអាកាសធាតុ នឹងទំនងជាត្រូវបានលើកឡើង នៅក្នុងបណ្តឹងដែលជំរុញដោយបម្រែបម្រួលអាកាសធាតុ នៅក្នុងតុលាការជាច្រើន ចាប់ពីអឺរ៉ុប រហូតដល់អាមេរិកឡាទីន (អាមេរិកខាងត្បូង) និងលើសពីនោះទៀត។
ក្រៅពីរដ្ឋកោះតូចៗ ហើយនិងប្រទេសលោកខាងលិច និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត តុលាការក៏នឹងស្តាប់ការលើកឡើងពីប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេបំផុតចំនួន ២ របស់ពិភពលោកដែរ គឺសហរដ្ឋអាមេរិក និងចិន។ ក្រុមអ្នកផលិតប្រេង OPEC ក៏នឹងផ្តល់ការយល់ឃើញរបស់ខ្លួនផងដែរ។ សវនាការនេះនឹងដំណើរការរហូតដល់ថ្ងៃទី១៣ ខែធ្នូ។ ការផ្ដល់យោបល់របស់តុលាការត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញនៅឆ្នាំ២០២៥៕