មន្ត្រីជាន់ខ្ពស់កាណាដាម្នាក់ កាលពីថ្ងៃអាទិត្យ (ទី១ ខែធ្នូ) បាននិយាយថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសន្យាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ថា កាណាដា នឹងពង្រឹងការគ្រប់គ្រងលើព្រំដែនរួម ដែលមិនអាចការពារបានជាយូរមកហើយនោះ។
លោក Trudeau បានហោះហើរទៅកាន់រដ្ឋ Florida កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដើម្បីទទួលទានអាហារពេលល្ងាចជាមួយលោក Trump ដែលបានសន្យាថា នឹងយកពន្ធបន្ថែមលើការនាំចូលរបស់កាណាដា ប្រសិនបើទីក្រុង Ottawa មិនទប់ស្កាត់ជនអន្តោប្រវេសន៍ និងគ្រឿងញៀនកុំឲ្យឆ្លងកាត់ព្រំដែនទេនោះ។
គួរបញ្ជាក់ថា ប្រទេសកាណាដា បានបញ្ជូនទំនិញ និងសេវាកម្មចំនួន ៧៥ភាគរយ ទៅសហរដ្ឋអាមេរិក ហើយការដំឡើងពន្ធគយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈ លោក Dominic LeBlanc ដែលអង្គុយនៅតុជាមួយលោក Trudeau និង លោក Trump បាននិយាយថា ឥស្សរជនទាំង ២នាក់ បានពិភាក្សាអំពីវិធានការសន្តិសុខបន្ថែម ដែលកាណាដា នឹងបង្ហាញជូន។
លោកបានប្រាប់សារព័ត៌មាន Canadian Broadcasting Corp ថា៖ «យើងនឹងលៃមើល ដើម្បីទិញយានដ្រូន និងឧទ្ធម្ភាគចក្រល្បាតបន្ថែម យើងនឹងដាក់ពង្រាយបុគ្គលិកឡើងវិញ ហើយយើងជឿថា ព្រំដែន គឺមានសុវត្ថិភាព»៕