UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូបបានព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់រួមទាំងកុមារអាចស្លាប់ដោយភាពអត់ឃ្លាន លុះត្រាតែមានវិធានការបន្ទាន់ដើម្បីទាញអាហ្វហ្គានីស្ថានត្រឡប់ពីមាត់ជ្រោះនៃការដួលរលំវិញ ដោយអំពាវនាវឱ្យមានការដោះលែងមូលនិធិដែលបានបង្កកសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក David Beasley បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters មនុស្ស ២២.៨លាននាក់ច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជន ៣៩លាននាក់របស់ប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ និង "បោះជំហានទៅរកភាពអត់ឃ្លានបើធៀបនឹង ១៤លាននាក់កាលពីពីរខែមុន។ លោកបាននិយាយនៅទីក្រុងឌូបៃ។ កុមារនឹងស្លាប់។ មនុស្សនឹងស្រេកឃ្លាន។ អ្វីៗនឹងកាន់តែអធ្ងន់ធ្ងរទៅៗ។ ខ្ញុំមិនដឹងថា តើនឹងមានមនុស្សប៉ុន្មានលាននាក់ទៀតទេ ជាពិសេសកុមារត្រូវស្លាប់ក្នុងអត្រាដែលកំពុងតែដើរទៅមុខដោយសារកង្វះមូលនិធិ និងការដួលរលំនៃសេដ្ឋកិច្ចនោះ។
គួររម្លឹកថា អាហ្វហ្គានីស្ថានបានធ្លាក់ចូលទៅក្នុងវិបត្តិកាលពីខែសីហា បន្ទាប់ពីក្រុមឧទ្ទាមតាលីបង់បានបណ្តេញរដ្ឋាភិបាលគាំទ្រដោយលោកខាងលិច ដែលជំរុញឱ្យម្ចាស់ជំនួយបង្កកជំនួយរាប់ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើជំនួយទាំងស្រុង៕
អត្ថបទ៖ សុខមាន