នាយករដ្ឋមន្ត្រី បាននិយាយថា មនុស្សមួយចំនួនបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍រត់ប្រជ្រៀតជាន់គ្នា នៅឯកីឡដ្ឋានមួយ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រនៅក្នុងការប្រកួតបាល់ទាត់ កាលពីថ្ងៃអាទិត្យ (ទី១ ខែធ្នូ ) ក្នុងទីក្រុង Nzerekore ភាគអាគ្នេយ៍ប្រទេសហ្គីណេ ខណៈដែលក្រុមប្រឆាំងមួយ បានដកស្រង់របាយការណ៍ពីការមានអ្នកស្លាប់រាប់សិបនាក់។
វីដេអូ និងរូបភាពដែលត្រូវបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញថា ជនរងគ្រោះដេកដួលនៅលើដី។ ក្នុងវីដេអូមួយ រាងកាយដេកស្ដូកស្ដឹងមិនកម្រើកជាងដប់នាក់ អាចត្រូវបានរាប់បញ្ចូលក្នុងចំណោមអ្នកស្លាប់ ហើយភាគច្រើន ជាកុមារ។ យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនបានផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវរបស់វីដេអូនោះ ឬបញ្ជាក់ពីចំនួនអ្នកស្លាប់ឡើយ។ រូបភាពដែលមិនត្រូវបានផ្ទៀងផ្ទាត់នោះ ក៏បានបង្ហាញឲ្យឃើញថា អ្នកគាំទ្រកំពុងនាំគ្នាឡើងតាមជញ្ជាំងកីឡដ្ឋានផងដែរ។
នាយករដ្ឋមន្ត្រី លោក Mamadou Oury Bah បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលសោកស្ដាយជាពន់ពេក ចំពោះឧប្បត្តិហេតុ ដែលបានរំខានដល់ការប្រកួតបាល់ទាត់ រវាងក្រុម Labe និង Nzerekore នៅរសៀលនេះ ក្នុងទីក្រុង Nzerekore។ ក្នុងអំឡុងពេលនៃការប្រជ្រៀតជាន់គ្នា ចំនួនជនរងគ្រោះត្រូវបានកត់ត្រាទុក»។ លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋានកំពុងធ្វើការ ដើម្បីស្ដារសណ្តាប់ធ្នាប់ឡើងវិញ។
ចំណែកក្រុមប្រឆាំងមួយបានប្រាប់ថា មានអ្នកស្លាប់រាប់សិបនាក់ នៅក្នុងឧបទ្ទវហេតុនេះ ដោយបន្ថែមថា ចំនួនអ្នកស្លាប់ចុងក្រោយមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការប្រជ្រៀតជាន់គ្នានេះ បានកើតឡើងបន្ទាប់ពីការវាយតប់គ្នាមួយ បានកើតឡើង ក្នុងចំណោមអ្នកទៅមើល អំឡុងការប្រកួត កាលពីរសៀលថ្ងៃអាទិត្យ ក្រោយមាននូវការសម្រេចដ៏ចម្រូងចម្រាសរបស់អាជ្ញាកណ្ដាល៕