ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការអ៊ីរ៉ង់ នៅព្រឹកថ្ងៃចន្ទ (ទី២ ខែធ្នូ) នេះ បានរាយការណ៍ថា តារារ៉េបជនជាតិអ៊ីរ៉ង់ លោក Toomaj Salehi ត្រូវបានដោះលែងពីពន្ធនាគារ កាលពីថ្ងៃអាទិត្យ (ទី១ ខែធ្នូ) បន្ទាប់ពីបានបញ្ចប់ការអនុវត្តទោសរយៈពេល ១ឆ្នាំ ពាក់ព័ន្ធទៅបទល្មើសនិយាយប្រឆាំងនឹងរបបអ៊ីរ៉ង់។
គួរបញ្ជាក់ថា លោក Salehi ត្រូវបានកាត់ទោសប្រហារជីវិត កាលពីខែមេសា ដោយតុលាការបដិវត្តន៍ ជុំវិញការចោទប្រកាន់ ដែលមានទាក់ទងនឹងភាពចលាចលនៅក្នុងប្រទេស ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ តែតុលាការកំពូលរបស់អ៊ីរ៉ង់ បានសម្រេចទុកជាមោឃភាព ចំពោះការកាត់ទោសនោះ កាលពីខែមិថុនា។
បទចម្រៀងរបស់លោក បានសរសើរដល់ការតវ៉ាជាច្រើនខែដែលត្រូវបានបង្កឡើងដោយការស្លាប់ នៅក្រោមការឃុំឃាំងរបស់នគរបាល ចំពោះនាង Mahsa Amini ស្ត្រីជនជាតិអ៊ីរ៉ង់ដើមកំណើតឃើដអាយុ ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា បានពាក់សម្លៀកបំពាក់ហ៊ីចាប «មិនសមរម្យ» ដែលជាការប្រមាថដល់ច្បាប់កំណត់ការស្លៀកពាក់របស់អ្នកកាន់សាសនាអ៊ិស្លាម នៅប្រទេសអ៊ីរ៉ង់។
លោក Salehi ត្រូវបានចាប់ខ្លួននៅខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ដើម្បីគាំទ្រការតវ៉ាទូទាំងប្រទេស៕