អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនៅក្នុងសន្និសីទមួយថា ទីក្រុងប៉េកាំងជឿជាក់ថា ការកេងយកប្រយោជន៍ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន គឺមិនអាចទទួលយកបានឡើយ។
ការអត្ថាធិប្បាយអំពីគោលជំហររបស់ទីក្រុងប៉េកាំងចំពោះវិបត្តិអ៊ុយក្រែនទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាល្លឺម៉ង់ លោកស្រី Annalena Baerbock ទៅកាន់ប្រទេសចិន លោកបានចង្អុលបង្ហាញថា ប្រទេសរបស់លោក«បាននិយាយម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងយ៉ាងខ្លាំងចំពោះការចោទប្រកាន់ និងការប៉ុនប៉ងផ្លាស់ប្តូរការទទួលខុសត្រូវចំពោះប្រទេសចិន ក៏ដូចជាការកេងចំណេញនយោបាយទាក់ទងនឹងបញ្ហានេះ»។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បច្ចុប្បន្ន កំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ លោក Christian Wagner បានឲ្យដឹងថា ភាគីទាំងពីរ នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាគោលនយោបាយការបរទេស និងសន្តិសុខ។