កណ្ដាល ៖ បន្ទាប់ពីបានទទួលបានដំណឹងពីក្រសួងអប់រំយុវជន និងកីឡាស្តីពីសាលារៀនរដ្ឋ និងឯកជនទាំងអស់ត្រូវបើកដំណើរការវិញនៅថ្ងៃទី១ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ មកដល់ពេលនេះ បណ្តាសាលារៀន និងអាណាព្យាបាលសិស្ស ក៏បានរៀបចំ និងត្រៀមបញ្ជូនកូនទៅរួចរាល់អស់ហើយ ដើម្បីអោយកុមារកូនតូចៗ ធ្វើការចូលរៀនវិញ ប្រកបដោយសុវត្ថិភាព។
បើតាមអាណាព្យាបាលមានកូនតូចៗបានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែតុលានេះ បានថ្លែងអបអរសាទរ ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការបើកសាលារៀនឡើងវិញ បន្ទាប់ពីកុមារតូចមានអាយុចាប់ពី៦ឆ្នាំរហូតដល់យុវវ័យអាយុក្រោម១៨ឆ្នាំបានចាក់វ៉ាក់សាំងការពារកូវីដ១៩ទាំងដូសទី១ និងដូសទី២បានហើយរួចរាល់។
អាណាព្យាបាល និងកូនតូចៗ បានថ្លែងថា សម្រាប់ការចូលរៀនវិញនេះ ពួកគេក៏មានការព្រួយបារម្ភខ្លះដែរអំពីការរាតត្បាតនៃមេរោគកូវីដ១៩ តែទោះយ៉ាងណា សម្រាប់ការចូលរៀនវិញនេះ បណ្តាអាណាព្យាបាល និងកូនតូចបានរៀបចំខ្លួនរួចរាល់អស់ហើយ ដោយគេបានទិញសំភារៈសិក្សា ដែលមានភ្ជាប់ជាមួយនូវ ម៉ាស់ ទឹកអាកុលជែល និងការណែនាំបន្ថែមឲ្យកូនតូចរក្សាគន្លាតនៅពេលចូលរៀនជាដើម។
បើតាមនាយកសាលានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឬស្សី និងសាលាបឋមសិក្សាកំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងថា បន្ទាប់ពីសាលាបានទទួលការណែនាំស្តីពីការបើកសាលារៀនឡើងវិញពីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា គណៈដឹកនាំសាលារៀនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបណ្តាអាណាព្យាបាលកូនតូច ត្រូវចូលរួមសហការជាមួយសាលាដោយធ្វើយ៉ាងណារៀបចំម៉ាស់អាកុលជែល និងរៀបចំអាហារពេលព្រឹកអោយកូនតូច ខណៈសាលាមិនអនុញ្ញាតមានការលក់ចំណីអាហារក្នុងបរិវេណសាលា ហើយការបង្រៀន និងរៀនដោយបណ្តុំនោះ ត្រូវធ្វើការប្តូរវេណ ដើម្បីកាត់បន្ថយចំនួនសិស្សអង្គុយរៀននៅក្នុងបន្ទប់មកនៅត្រឹមពី ១៥ទៅ២០នាក់ជាដើម។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១តទៅ ក្រសួងអប់រំ នឹងពង្រីកការបើកគ្រឹះស្ថានសិក្សាសម្រាប់ការបង្រៀន និងការរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
ឯកឧត្តម បន្តថា សម្រាប់ការពង្រីកវិសាលភាពបើកសាលារៀននេះ គឺត្រូវអាស្រ័យលើស្ថានភាពជំងឺកូវីដ១៩ចំនួន២គឺ ភូមិសាស្ត្រដែលគ្រប់គ្រងជំងឺកូវីដ១៩បាន និងភូមិសាស្ត្រហានិភ័យមធ្យមនិងខ្ពស់៕
អត្ថបទ ស៊ុម សុខជា