គណបក្សនយោបាយធំៗចំនួន ២ របស់វេណេហ្ស៊ុយអេឡា បានធ្វើសកម្មភាពស្របគ្នា កាលពីថ្ងៃអាទិត្យ (ទី២ ខែធ្នូ) ក្នុងទីក្រុង Caracas (ការ៉ាកាស) ដោយក្រុមប្រឆាំងបាននាំគ្នាជួបជុំអុជទៀន ដើម្បីប្រឆាំងនឹងការដាក់ពន្ធនាគារដោយអយុត្តិធម៌លើប្រជាជនស្លូតត្រង់ ខណៈក្រុមអ្នកគាំទ្ររដ្ឋាភិបាល បានដើរដង្ហែទៅកាន់វិមាន Miraflores ដើម្បីប្រារព្ធពិធីបុណ្យខែធ្នូ។
ក្រុមអ្នកគាំទ្របក្សប្រឆាំង ដែលរាប់បញ្ចូលទាំងសាច់ញាត្តិរបស់អ្នកទោស និងអ្នកការពារសិទ្ធិមនុស្សផងដែរនោះ បាននាំគ្នាអុជទៀន ដើម្បីទាមទារឲ្យមានសេរីភាព សម្រាប់មនុស្សរាប់ពាន់នាក់ ដែលកំពុងជាប់ឃុំ ក្នុងអំឡុងពេលមានការតវ៉ា ក្រោយការបោះឆ្នោតកាលពីខែកក្កដា។ ជាមួយគ្នានេះ ពួកគេក៏បានស្វែងរកការគាំទ្រពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីស៊ើបអង្កេតរដ្ឋាភិបាលវេណេហ្ស៊ុយអេឡាផងដែរ។
នៅមុននេះ មេដឹកនាំបក្សប្រឆាំង លោកស្រី Maria Corina Machado បានជំរុញឲ្យប្រជាជនវេណេហ្ស៊ុយអេឡា នៅទូទាំងពិភពលោកចូលរួមការតវ៉ាជានិមិត្តរូប។ ក្នុងសារជាសំឡេងដែលបានបង្ហោះនៅលើគណនីនៃវេទិការបស់បណ្ដាញសង្គម X របស់លោកស្រី លោកស្រី Machado បាននិយាយថា៖ «សូមការពារជនរងគ្រោះស្លូតត្រង់របស់យើង វីរបុរសរបស់យើង យុវជនរបស់យើង និងអ្នកពោរពេញដោយភាពក្លាហានរបស់យើង ដែលបានលះបង់អស់ពីសមត្ថភាពរបស់ពួកគេ ក្នុងការតស៊ូនេះ»។
គួរបញ្ជាក់ថា បើយោងតាមក្រុមសិទ្ធិមនុស្សក្នុងស្រុក Foro Penal បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា មនុស្សជាង ១០០នាក់ដែលត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលមានការតវ៉ាក្រោយការបោះឆ្នោត ត្រូវបានដោះលែង។ ក្រុមនេះបានរាយការណ៍ថា ចំនួននេះគឺនៅក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ១.៨០០នាក់ដែលត្រូវបានចាប់ខ្លួន៕



