អគ្គលេខាធិការអង្គការណាតូបានព្រមានលោក Donald Trump ថា សហរដ្ឋអាមេរិកនឹងប្រឈមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីប្រទេសចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ប្រសិនបើអ៊ុយក្រែនត្រូវបានបង្ខំឱ្យធ្វើសម្បទានដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

លោក Mark Rutte បានព្រមានប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលលោកបាននិយាយថានឹងនាំពរជ័យឲ្យសត្រូវរបស់លោកខាងលិច ដែលបង្កភាពងាយស្រួល និងការរៀបចំផែនការវាយប្រហាររបស់ពួកគេ។
លោកបានប្រាប់សារព័ត៌មាន Financial Times ថាត្រូវតែមានកិច្ចព្រមព្រៀងល្អ សម្រាប់អ៊ុយក្រែន ក្នុងករណីមានការចរចាជាមួយរុស្ស៊ី ហើយលោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបន្តការគាំទ្រផ្នែកយោធាគ្រប់ពេលវេលា។

លោក Trump បានសន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ហើយសម្ព័ន្ធមិត្តរបស់លោកបានលើកឡើងថា លោកអាចនឹងពឹងផ្អែកលើទីក្រុង Kyiv ដើម្បីផ្តល់ទឹកដីដល់ប្រទេសរុស្ស៊ីជាថ្នូរនឹងបទឈប់បាញ់។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រអ៊ុយក្រែន រួមទាំងលោកនាយករដ្ឋមន្ត្រីអង់គ្លេស គៀរ ស្តា-ម (Keir Starmer) បានអះអាងថា លោកខាងលិចត្រូវតែបន្តផ្គត់ផ្គង់អាវុធ។

អន្តរាគមន៍របស់លោក Rutte បង្ហាញថា ណាតូ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតអាចព្យាយាមបញ្ចុះបញ្ចូលលោក Trump ឱ្យបន្តការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ដោយលើកហេតុផលថា នោះជាផលប្រយោជន៍របស់អាមេរិកដើម្បីធ្វើដូច្នេះ ៕