អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា របស់លីបង់ បន្តបាញ់ប្រហារដាក់គ្នា ដោយយ៉ាងហោចណាស់មនុស្ស ៩នាក់ស្លាប់ និង ៣នាក់របួស កាលពីថ្ងៃចន្ទ (០២ ធ្នូ) ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងចំនួន២ ភាគខាងត្បូងលីបង់គឺក្រុង តាលូសា (Talousa) និង ហារីស (Haris) ខណៈយោធាអ៊ីស្រាអែល និយាយថាខ្លួនវាយប្រហារទៅលើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធរាប់សិបកន្លែងនៅទូទាំងលីបង់។

នៅព្រឹកថ្ងៃចន្ទ អាជ្ញាធរលីបង់បានរាយការណ៍ពីការស្លាប់ ២នាក់ បន្ថែមទៀតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើផ្នែកផ្សេងទៀតនៃភាគខាងត្បូងលីបង់ រួមទាំងសមាជិកសន្តិសុខរដ្ឋម្នាក់ត្រូវបានសម្លាប់ពេលកំពុងបំពេញកាតព្វកិច្ច ដែលនាំឱ្យចំនួនអ្នកស្លាប់នៅថ្ងៃចន្ទកើនឡើងដល់ ១១នាក់។

ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីស្រាអែលនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហេសបូឡា ចោទអ៊ីស្រាអែលថារំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានបាញ់មីស៊ីលតបវិញទៅលើទីតាំងយោធាអ៊ីស្រាអែល នៅក្នុងតំបន់ជម្លោះ សេបា ហ្វាមស៍ (Shebaa Farms) នៅក្នុងអ្វីដែលក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះហៅថា "ការវាយប្រហារព្រមានដើម្បីការពារខ្លួន"។

អ្នកស្រុកនៅក្នុងទីក្រុងបេរូត ក៏បានប្រាប់ថា ពួកគេឮសំឡេងយានដ្រូនហោះពីលើរដ្ឋធានីនេះនៅកម្ពស់ទាបនៅពេលល្ងាច។ ការបាញ់ដាក់គ្នានេះបានធ្វើឱ្យបទឈប់បាញ់ដែលសម្របសម្រួលអាមេរិករវាងភាគីជម្លោះទាំងពីរ ស្ថិតក្នុងស្ថានភាពផុយស្រួយកាន់តែខ្លាំងឡើង មិនដល់មួយសប្តាហ៍ទេបន្ទាប់ពីបានចូលជាធរមានកាលពីថ្ងៃពុធ ២៧ វិច្ឆិកា៕