អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កាលពីវេលាម៉ោង ១៩ និង ២៤ នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំគណៈកម្មការចម្រុះចុះទីតាំងស្នូកឃ័រ ០១ទីតាំង មានបង្កប់ល្បែងស៊ីសង និងហ្គេមបាញ់ត្រី ខុសច្បាប់ ស្ថិតនៅផ្ទះលេខគ្មាន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជាក់ស្តែងក្រុមការងារពិនិត្យឃើញថាទីតាំងខាងលើនេះមានដាក់ទូរហ្គេមបាញ់ត្រី ចំនួន ០៣ទូរ និងទូរហ្គេមតូច (ហ្គេមផ្លែឈើ) ចំនួន ០២ទូរ ប៉ុន្តែមិនទាន់ដំណើរការនោះទេ។
ប្រភពព័ត៌មានបន្តថា ដោយពិនិត្យឃើញបែបនេះ ក្រុមការសាលាខណ្ឌពោធិ៍សែនជ័យបានសម្រេចដកហូតទូរហ្គេមបាញ់ត្រី ចំនួន ០៣ទូរ ទូរហ្គេមតូច (ហ្គេមផ្លែឈើ) ចំនួន ០២ទូរ
និងកៅអ៊ី ចំនួន ១៧ យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំមានចំណាត់ការបន្តទៀត។
ជាមួយគ្នានេះអាជ្ញាធរពោធិ៍សែនជ័យ សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ ប្រសិនបើដឹងថា ទីណាកន្លែងណា មានលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សូមផ្តល់ដំណឹងជាបន្ទាន់ទៅកាន់អាជ្ញាធរ ឬសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់បង្ក្រាប៕ តារាវុទ្ធី



